Wednesday, 14 January 2015

សេដ្ឋកិច្ច​ប្រទេស​កំពុង​អភិវឌ្ឍន៍​និង​​ពិភពលោក​នឹងស្ទុះ​ងើបឡើង

អ្នកលក់​កំពុង​ជ្រើស​រើស​សាច់​ជ្រូក​ជូន​អតិថិជន​នៅផ្សារ​មួយ​នា​ក្រុង​ហុងកុង។
អ្នកលក់​កំពុង​ជ្រើស​រើស​សាច់​ជ្រូក​ជូន​អតិថិជន​នៅផ្សារ​មួយ​នា​ក្រុង​ហុងកុង។ Bloomberg


ក្រុង​វ៉ាស៊ីនតោនៈ កាលពី​ថ្ងៃ​អង្គារ​ ធនាគារ​ពិភពលោក (WB) បាន​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​នៅ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដោយ​សារ​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង បើ​ទោះជា​មាន​ការ​ធ្លាក់​ចុះបន្តិច​បន្តួច​នៃ​សេដ្ឋកិច្ច​ចិន​ដែល​ជា​ក្បាល​ម៉ាស៊ីន​ក្នុងការជំរុញ​សេដ្ឋកិច្ច​សកល​ក្តី។​
កំណើន​ ផ.ស.ស ដែល​ជា​កត្តា​វាស់​វែង​ធំមួយ​នៃ​ទិន្នផល​ទំនិញ និង​សេវា​កម្ម​របស់​ប្រទេស​មួយ នៅ​តាម​ប្រទេស​​កំពុង​អភិវឌ្ឍន៍អាច​​សម្រេច​បាន​កំណើន​ប្រចាំ​ឆ្នាំ៤,៨​ភាគ​រយ​នៅ​ឆ្នាំ​២០១៥ ពោលគឺកើនឡើង​ធៀបនឹង​កំណើន​៤,៤​ភាគ​រយ​កាល​ពី​ឆ្នាំមុន និង​កើនឡើង​ដល់៥,៣​ភាគ​រយ​នៅ​ឆ្នាំ​២០១៦។ នេះ​បើ​តាម​ការ​ព្យាករ​ចុង​ក្រោយ​របស់​ធនាគារ​មួយ​នេះ។
ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយថា៖ «​បន្ទាប់​ពី​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​មិន​សូវ​ល្អ​មួយ​ឆ្នាំ​ទៀត​នៅ​ឆ្នាំ ​២០១៤ ប្រទេស​កំពុង​អភិវឌ្ឍន៍​គួរ​តែ​អាច​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ មួយ​ផ្នែក​ដោយ​សារ​តម្លៃ​ប្រេង​ទាប កំណើន​សេដ្ឋកិច្ច​អាមេរិក​ខ្ពស់ និង​អត្រា​ការ​ប្រាក់​ពិភពលោក​នៅ​តែ​មាន​កម្រិត​ទាប​ជា​បន្ត​ និង​ការ​វិវឌ្ឍ​នៅ​តាម​ប្រទេស​ធំៗ ដែល​មាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​ខ្លាំង​មួយ​ចំនួន។​
ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​របាយ​ការណ៍​ស្តីពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​សកល​របស់​ធនាគារ​នេះ បាន​បង្ហាញ​ថា សន្ទុះ​សេដ្ឋកិច្ច​នៅ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍​អាច​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​សកល​ឲ្យ​កើនឡើង​កាន់​តែ​ខ្ពស់​គឺដល់​៣​ភាគ​រយ​នៅ​ឆ្នាំ​២០១៥ ធៀបនឹង​កំណើន​២,៦​ភាគ​រយ​នៅ​ឆ្នាំ​២០១៤ បើ​ទោះ​ជា​មាន​បញ្ហា​សេដ្ឋកិច្ច​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​ប្រើ​ប្រាស់​ប្រាក់​អឺរ៉ូ និង​ជប៉ុនក្តី។​
ចំពោះ​ប្រទេស​ចិន ដែល​ជាប្រទេស​ឈាន​មុខ​គេ​​ក្នុង​ចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​ខ្លាំងនោះ ការ​ធ្វើ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ ការ​ឈប់​ប្រើ​ប្រាស់សន្សឹម​ៗនូវ​វិធានការ​ជំរុញ​សារ​ពើពន្ធ និង​វិធាន​ការ​រឹត​ត្បិត​ជា​បន្ត​ដើម្បី​កាត់​បន្ថយ​កំណើន​ឥណទាន អាច​នឹង​ជំរុញ​ឲ្យ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ធ្លាក់​ចុះ​មកនៅ​ត្រឹម ៦,៩ ​ភាគ​រយ​នៅ​ឆ្នាំ​ ២០១៧ ធៀបនឹង​កំណើន ​៧,៤ ​ភាគ​រយ​នៅ​ឆ្នាំ​ ២០១៤​»។ ​នេះ​បើ​យោង​តាម​ធនាគារ​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាពក្រីក្រ​មួយ​នេះ។
កំណើន​ ផ.ស.ស របស់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទីពីរ​ក្នុង​ពិភពលោកមួយនេះ អាច​នឹង​សម្រេច​បានកំណើន​ត្រឹម​តែ៧,១​ភាគ​រយ​នៅ​ឆ្នាំ​នេះ និងអាច​ធ្លាក់​ចុះ​បន្តិច​មកនៅ​ត្រឹម៧​ភាគ​រយ​នៅ​ឆ្នាំ​២០១៦។​
ប្រទេស​ដែលមាន​សេដ្ឋកិច្ច​អភិ​​វឌ្ឍន៍​ខ្លាំង​មួយ​ទៀត​គឺ​ប្រទេស​ឥណ្ឌា ​អាច​ជា​ប្រទេស​មួយក្នុង​ចំណោម​ប្រទេស​ដែល​ទទួល​ផល​ប្រយោជន៍​​ពីការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង ដែល​បាន​ធ្លាក់​ចុះ​​ជិត​ ៦០​ ភាគ​រយ​​គិត​ចាប់​ពី​ខែ​ មិថុនា មក។ មហាអំណាច​សេដ្ឋកិច្ច​អាស៊ី ដែល​ជា​ប្រទេស​នាំ​ចូល​ប្រេង​សុទ្ធ​មួយនេះ​អាច​នឹង​សម្រេច​បាន​កំណើន​ ផ.ស.ស រហូត​ដល់ ៦,៤​ ភាគ​រយ​នៅ​ឆ្នាំ​នេះ ធៀបនឹង​កំណើន៥,៦​ភាគ​រយ​កាល​ពី​ឆ្នាំមុន។
ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ទៀតថា តម្លៃ​ប្រេង​ឆៅ​ទាប​ក៏​អាច​ជួយ​ដល់​ប្រទេស​ប្រេស៊ីល ឥណ្ឌូនេស៊ី អា្រហ្វិក​ខាង​ត្បូង និង​ប្រទេស​តួកគី​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​អតិផរណា និង​កាត់​បន្ថយ​ឱនភាព​ថវិកា​ចរន្ត​របស់​ខ្លួន ដែល​ជា​ប្រភពមួយ​នៃ​ភាព​ងាយ​រង​គ្រោះ​ចំពោះ​​ហានិភ័យ​សេដ្ឋកិច្ច​សកល​ផង​ដែរ។​
លោក Kaushik Basu ប្រធាន​សេដ្ឋ​វិទូ​ប្រចាំ​ធនាគារ​ពិភពលោក និង​ជា​អនុ​ប្រធាន​ជាន់​ខ្ពស់​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​ថា៖ «អ្វី​ជា​កត្តា​ចាំ​បាច់​សម្រាប់​ប្រទេស​ទាំង​នេះ គឺ​ត្រូវ​ប្រើ​ប្រាស់​ឱកាស​នេះ​ ដើម្បី​អនុវត្តកំណែ​ទម្រង់​សារពើពន្ធ និង​រចនា​សម្ព័ន្ធ ដែល​អាច​ជំរុញ​កំណើន​សេដ្ឋកិច្ច​រយៈ​ពេល​វែង និង​ការ​អភិវឌ្ឍរួម​»។​
ទន្ទឹម​នឹង​នោះដែរ ប្រទេស​ផលិត​ប្រេង​នា​នា​បាន​ប្រឈម​បញ្ហា​ដោយ​សារ​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង។ ប្រទេស​រុស្ស៊ី ដែល​ជា​គោលដៅ​នៃ​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​ពី​ប្រទេស​លោក​ខាង​លិច​ដែរ​នោះ អាច​នឹង​ប្រឈមការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ២,៩ ​ភាគ​រយ​នៅ​ឆ្នាំ​នេះ មុនពេល​សម្រេច​បាន​កំណើន​ឡើង​វិញនៅ​ឆ្នាំ​២០១៦។
លោក Jim Yong Kim ប្រធាន​ធនាគារ​ពិភពលោក បាន​ថ្លែង​ថា៖ «​ក្នុង​បរិយាកាស​សេដ្ឋកិច្ច​មិន​ប្រាកដ​ប្រជា​នេះ ប្រទេស​កំពុង​អភិ​​វឌ្ឍន៍​ចាំ​បាច់​ត្រូវ​ប្រើ​ប្រាស់​ធន​ធាន​របស់​ខ្លួន​ប្រកប​ដោយ​ភាព​ប៉ិន​ប្រសប់ ដើម្បី​ទ្រទ្រង់​កម្មវិធី​សង្គម​ដោយ​ផ្តោត​លើ​ពលរដ្ឋ​ក្រីក្រ និង​អនុវត្ត​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​ ដែល​វិនិយោគ​លើធន​ធាន​មនុស្ស​»៕
------------------------------------------------------------
Source:http://www.postkhmer.com

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan