ក្រុងហ្សាការតាៈ យោងតាមការអង្កេតមួយទៅលើក្រុមហ៊ុនផលិតកម្មចំនួន ៧៥ បានបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីនឹងទាក់ទាញរោងចក្រថ្មីបានច្រើនជាងប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយជួយជំរុញដល់វិធានការរបស់លោកប្រធានាធិបតី Joko Widodo ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។
ក្រុមហ៊ុនផលិតកម្មទាំងនោះមានបំណងសាងសង់រោងចក្រថ្មីចំនួន ៥៤ កន្លែងក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះនៅត្រឹមឆ្នាំ២០១៩ ពោលគឺកំណើន ៦៨ភាគរយ ហើយនឹងផ្តល់លទ្ធភាពឲ្យឥណ្ឌូនេស៊ីវ៉ាដាច់ម៉ាឡេស៊ី និងប្រទេសថៃ ដោយមានរោងចក្រសរុបចំនួន ១៣៣ កន្លែង នេះបើយោងតាមការអង្កេតរបស់ក្រុមហ៊ុន Economist Intelligence Unit ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Baker & McKenzie និងក្រុមហ៊ុន CIMB។
បច្ចុប្បន្ន ក្រុមហ៊ុនផលិតកម្មទាំងអស់នោះសុទ្ធតែផលិតទំនិញក្នុងតំបន់នេះ។
លោក Widodo បានកែប្រែឧបត្ថម្ភធនប្រេងដើម្បីយកមូលនិធិថវិកាសម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយសន្យាជំរុញវិនិយោគ និងកំណើនសេដ្ឋកិច្ច ដែលសម្រេចបានកំណើនទាបបំផុតគិតចាប់ពីឆ្នាំ ២០០៩ មក។
លោក Mochamad Fachri មេធាវីប្រចាំក្រុមហ៊ុន Hadiputranto, Hadinoto & Partners ដែលជាសមាជិកក្រុមហ៊ុន Baker & McKenzie's នៅប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ក្រុមហ៊ុនជាច្រើនកំពុងចាប់ផ្តើមអនុវត្តផែនការពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុន ដែលបាននាំឲ្យប្រធានាធិបតីរូបនេះឡើងកាន់តំណែង។
ដោយសំដៅលើអតិថិជនរបស់ក្រុមហ៊ុននេះ លោកបានបន្តថា៖ «ពួកគេជឿជាក់ថា ការផ្ទេរអំណាចបានធ្វើឡើងដោយជោគជ័យ ហើយរដ្ឋាភិបាលបានបង្ហាញការប្តេជ្ញាចិត្តចំពោះការធ្វើកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ តាមរយៈការកែប្រែឧបត្ថម្ភធនប្រេង។ ដូច្នេះ ពេលវេលាគឺជា កត្តាល្អសម្រាប់ការអនុវត្តផែនការពង្រីកអាជីវកម្ម»។
ផែនការរបស់ក្រុមហ៊ុនផលិតកម្មទាំងនោះ បង្ហាញជាសញ្ញាបន្ថែមចំពោះទំនុកចិត្តវិនិយោគិននៅប្រទេសឥណ្ឌូនេស៊ី។ ការអង្កេតមួយរបស់សភាពាណិជ្ជកម្មអង់គ្លេសនៅឥណ្ឌូនេស៊ីបានបង្ហាញថា ទំនុកចិត្តក្រុមហ៊ុនបានកើនឡើងកាលពីខែមុន នេះបើយោងតាមការឲ្យដឹងរបស់សភាពាណិជ្ជកម្មមួយនេះក្នុងសប្តាហ៍នេះនៅទីក្រុងហ្សាការតា។ សភាពាណិជ្ជកម្មនេះបន្តថា ការវិនិយោគអាចនឹងកើនឡើង ១៥ ភាគរយក្នុងឆ្នាំនេះ ហើយរដ្ឋាភិបាលនឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតក្នុងការប្រកបអាជីវកម្មនៅក្នុងប្រទេសនេះតាមរយៈការកាត់បន្ថយនីតិវិធីផ្តល់អាជ្ញាប័ណ្ណ៕
0 comments:
Post a Comment