Thursday, 25 December 2014

លោក​អ្នក​ដឹង​ទេ​ថា មុន​ពេល​ Facebook ល្បីល្បាញ​ដូច​សព្វថ្ងៃ​​ ក្រុមហ៊ុន​​ល្បីៗ​ចំនួន​ ១១ មាន​ទាំង Yahoo, Google និង Microsoft ​​ធ្លាប់​ចែចូវ​​សុំ​ទិញ?

 ថ្ងៃទី24  ខែDecember  ឆ្នាំ2014  







លោក​អ្នក​ដឹង​ទេ​ថា មុន​ពេល​ Facebook ល្បីល្បាញ​ដូច​សព្វថ្ងៃ​​ ក្រុមហ៊ុន​​ល្បីៗ​ចំនួន​១១ មាន​ទាំង Yahoo, Google និង Microsoft ​​ធ្លាប់​ចែចូវ​​សុំ​ទិញ?ប្រភព៖​ www.blog.eloquenttouchmedia.com





Facebook គឺ​ពិត​ជា​មាន​សន្ទុះ​សក្ដានុពល​ខ្លាំង​មែន ចាប់តាំងពី​ក្រុមហ៊ុន​បណ្ដាញ​សង្គម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Mark Zuckerberg នៅ​ឆ្នាំ​២០០៤។ មិន​ចាំបាច់​និយាយ​ដល់​ភាព​ជោគជ័យ​របស់ Facebook ដែល​មាន​អ្នក​ប្រើ​សរុប​ជាង ១,៣ពាន់​លាន​នាក់​ក្នុង​ពេល​បច្ចុប្បន្ន​នោះ​ទេ គឺ​គ្រាន់តែ​និយាយ​អំពី​ភាព​រីក​ចម្រើន លេចធ្លោ ដែល​មាន​ការ​ទទួលស្គាល់​ពី​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​លើ​លោក ក៏​ឆ្លុះ​បញ្ចាំង​អំពី​ដំណើរ​ឈាន​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​នេះ​ទៅ​ហើយ។ 

នៅ​ពេល Facebook ​ចាប់ផ្ដើម​ចេញ​ពន្លក​ដំបូង មាន​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​សម្លឹង​ចង់​បាន​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ភ្ជាប់​ទំនាក់ទំនង​នេះ​ណាស់ ក្នុង​នោះ​សូម្បីតែ​​ក្រុមហ៊ុន Yahoo ក៏​ធ្លាប់​បាន​ចរចា​ទិញ​យក Facebook ក្នុង​តម្លៃ ១ពាន់​លាន​ដុល្លារ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​បណ្ដា​ក្រុមហ៊ុន​ចំនួន១១ ដែល​ធ្លាប់​ចែចូវ​ចង់​ទិញ​យក​ដោយ​គ្រាន់តែ Facebook ​ចាប់​កំណើត​ភ្លាម​នៅ​ឆ្នាំ២០០៤។ 


១) ក្នុង​ខែ​មិថុនា ឆ្នាំ២០០៤ អ្នក​ជំនួញ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ទីក្រុង​ញូវយ៉ក​ម្នាក់​ហ៊ាន​ឱ្យ​តម្លៃ Facebook ១០លាន​ដុល្លារ​ក្រោយ​បង្កើត​បង្កើត​បាន​តែ​ប្រហែល ៤ខែ (គឺ​នៅ​ខែ​កុម្ភៈ ឆ្នាំ២០០៤) ពេល​នោះ​លោក Mark Zuckerber មាន​អាយុ​ត្រឹមតែ ២០ឆ្នាំ​ប៉ុណ្ណោះ លោក​បាន​កសាង Facebook ឡើង​ជាមួយ​ឈ្មោះ​គេហទំព័រ TheFacebook.com។ រយៈពេល​ត្រឹមតែ ៤ខែ​បន្ទាប់​ពី​បង្កើត​នៅ​ខែ​កុម្ភៈ​ឆ្នាំ២០០៤ សោះ មាន​អ្នក​ជំនួញ​នៅ​ទីក្រុង​ញូវយ៉ក​ម្នាក់​ចរចា​ចង់​ទិញ Facebook ដោយ​ឱ្យ​តម្លៃ ១០លាន​ដុល្លារ។ 

២) ក្រុមហ៊ុន Friendster ក៏​ព្យាយាម​ចង់​បាន Facebook ដែរ ក្រុមហ៊ុន​មួយ​ចំនួន​បាន​នាំគ្នា​ដេញ​ថ្លៃ​ទិញ​យក​ក្រុមហ៊ុន Facebook ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​បណ្ដាញ​ហ្គេម​របស់​ម៉ាឡេស៊ី Friendster ផង​ដែរ។ ប៉ុន្តែ​ការ​ទិញ​លក់​នេះ គឺ​អាស្រ័យ​លើ Friendster ឱ្យ​តម្លៃ​ខ្ពស់​នៅ​ជុំ​ផ្សេង​ទៀត​មុន​ពេល​ដែល Facebook ពង្រីក​ខ្លួន​កាន់តែ​ធំ។ ដូច្នេះ​ក្រោយ​មក​វា​អាច​មិន​អាច​ទៅ​រួច។ 

៣) ក្នុង​ឆ្នាំ២០០៤ ក្រុមហ៊ុន Google ក៏​មាន​បំណង​ចង់​ទិញ​យក Facebook ផង​ដែរ នៅ​ពេល​នោះ លោក Mark និង​មិត្ត​រួម​សាកលវិទ្យាល័យ Harvard បាម​ស្នាក់នៅ​ផ្ទះ​ជួល​ជាមួយ​គ្នា​ស្ថិត​នៅ​ក្រុង Palo Alto នៅ​រដូវ​ក្ដៅ ក្នុង​ឆ្នាំ២០០៤។ ក្រោយ​មក ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន Google ពីរ​នាក់​បាន​មក​មើល​ថា តើ​ល្អ​ឬ​ទេ ប្រសិន​ទិញ​យក Facebook យក​ទៅ​អភិវឌ្ឍ​បន្ត​នោះ។ 

៤) នៅ​ក្នុង​ខែ​មីនា ឆ្នាំ២០០៥ ក្រុមហ៊ុន Viacom ចង់​ទិញ​យក Facebook ក្នុង​តម្លៃ ៧៥លាន​ដុល្លារ​អាមេរិក។ ពេល​នេះ ក្រុមហ៊ុន Facebook នៅ​ប្រើប្រាស់​ឈ្មោះ​គេហទំព័រ TheFacebook នៅ​ឡើយ។ អំឡុង​ពេល​នេះ លោក Mark Zuckerberg អាច​រក​ប្រាក់​បាន​ពី Facebook ប្រមាណ ៣៥លាន​ដុល្លារ​អាមេរិក។



៥) ឆ្នាំ២០០៥ ដដែល​ក្រុមហ៊ុន MySpace បាន​ចរចា​សុំ​ទិញ Facebook ដោយ​នាយក​ប្រតិបត្តិ MySpace លោក Chris DeWolfe បាន​ទៅ​ជួប​ផ្ទាល់​លក្ខណៈ​សួរសុខទុក្ខ​លោក Mark Zuckerberg ផង។

៦) កន្លះ​ឆ្នាំ​ក្រោយ​មក News Corp ដែល​ជា​ក្រុមហ៊ុន​បាន​ទិញ​យក MySpace ក៏​សម្លឹង​ចង់​បាន​ Facebook ដែរ។ នៅ​ខែ​មករា ឆ្នាំ២០០៦ ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន News Corp លោក Ross Levinsohn និង​អ្នក​ប្រឹក្សា​ម្នាក់​របស់​លោក​គឺ Matt Cohler បាន​ជួប​សំណេះសំណាល​ជាមួយ​លោក Mark Zuckerberg ​ចង់​ទិញ​យក TheFacebook ប៉ុន្តែ​គាត់​មាន​ក្ដី​បារម្ភ​ខ្លាច Facebook មិន​ជោគជ័យ​នៅ​ថ្ងៃ​ក្រោយ។ 

៧) ក្រុមហ៊ុន Viacom មិន​ទាន់​រំងាប់​ចិត្ត​បន្ទាប់​ពី​ចរចា​ទិញ Facebook មិន​បាន ក្នុង​ឆ្នាំ​២០០៥ ដដែល Viacom បាន​ព្យាយាម​និយាយ​ជាមួយ​លោក Mark Zuckerberg ម្ដងទៀត ដែល​លោក Mark បាន​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​ញូវយ៉ក​ដើម្បី​ជួប​ជាមួយ​នាយក​ប្រតិបត្តិ Viacom លោក Freston។ 

៨) ក្រុមហ៊ុន NBC ជួប​ចរចា​ទិញ​ Facebook ក្នុង​ឆ្នាំ២០០៥ តែ​មិន​សម្រេច។ 

៩) ក្រុមហ៊ុន Viacom នៅ​តែ​មិន​អស់​ចិត្ត ត្រឡប់​មក​ចរចា​ទិញ Facebook លើក​ចុងក្រោយ​នៅ​ឆ្នាំ២០០៦។ ដើម​ឆ្នាំ​២០០៦ ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន MTV ដែល​ជា​ផ្នែក​របស់​ក្រុមហ៊ុន Viacom លោក Michael Wolf ជា​អ្នក​ចរចា​ជាមួយ Facebook ម្ដង​បន្ទាប់​ពី​ការ​ជជែក​សុំ​ទិញ Facebook បរាជ័យ​ពីរ​លើក។ លោក Zuckerberg និយាយ​ប្រាប់​លោក Michael ថា ​គាត់​គិត​ថា Facebook មាន​តម្លៃ ២ពាន់​លាន​ដុល្លារ។ ២សប្ដាហ៍​ក្រោយ​ក្រុមហ៊ុន Viacom ផ្ដល់​ចម្លើយ​នូវ​ទឹកប្រាក់​ដែល​ខ្លួន​ចង់​ទិញ Facebook ដោយ​ឱ្យ​ត្រឹម ១,៥ពាន់​លាន​ដុល្លារ។ Facebook ប៊ិះ​នឹង​ត្រូវ​លោក​ឱ្យ Viacom ប៉ុន្តែ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​លេខ១ លើ​លោក​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​គំនិត​ចង់​បាន​តម្លៃ​ខ្ពស់​ជាង​នេះ។


១០) ក្នុង​ខែ​មិថុនា ឆ្នាំ២០០៦ ​ក្រុមហ៊ុន Yahoo ចង់​ទិញ​យក Facebook ក្នុង​តម្លៃ ១ពាន់​លាន​ដុល្លារ។ ពេល​នោះ វិនិយោគិន និង​ថ្នាក់​ដឹកនាំ​ជាច្រើន​មាន​បំណង​យល់​ព្រម​លក់។ ប៉ុន្តែ​ពេល​នោះ​គឺ​ចំ​ពេល បណ្ដាញ Facebook កំពុង​ធ្វើ​បច្ចុប្បន្នភាព​ដោយ​បន្ថែម News Feed ហើយ​មាន​ដំណើរការ​ល្អ​ប្រសើរ​ទៅ​មុខ ដូច្នេះ​លោក Zuckerberg ថា Facebook គួរ​តែ​មាន​តម្លៃ​លើស ១ពាន់​លាន​ដុល្លារ។ ​ក្រោយ​មក Yahoo បន្ទាប់​តម្លៃ​មក​សល់​ត្រឹម ៨៥០លាន​ដុល្លារ​វិញ​បន្ទាប់​ពី​ក្រុមហ៊ុន (Yahoo) មាន​របាយការណ៍​ប្រាក់​ចំណេញ​មិន​គាប់​ចិត្ត។ ថ្នាក់ដឹកនាំ Facebook ពិចារណា​រយៈពេល ១០នាទី​រួច​ហើយ​ក៏​សម្រេច​បដិសេធ​មិន​ព្រម​លក់។ 

១១) ក្នុង​ឆ្នាំ២០០៦ ​ក្រុមហ៊ុន AOL ក៏​ចាប់​អារម្មណ៍​ចង់​បាន Facebook ដែរ។ នៅ​ពាក់​កណ្ដាល​ឆ្នាំ២០០៦ លោក Jonathan Miller មាន​បំណង​ចង់​ទិញ Facebook ក្នុង​តម្លៃ​ខ្ពស់​ជាង ១ពាន់​លាន​ដុល្លារ។ 

១២) Yahoo ត្រឡប់​មក​ចរចា​ទិញ Facebook ម្ដង​ទៀត​ក្នុង​ឆ្នាំ២០០៦ ដោយ​ឱ្យ​តម្លៃ ១ពាន់​លាន​ដុល្លារ ឬ​អាច​លើស​ពី​នេះ។ ប៉ុន្តែ​វា​ដូច​ជា​យឺត​ពេល​ទៅ​ហើយ ដោយ Facebook ​ចាប់ផ្ដើម​បង្កើន​សក្ដានុពល​របស់​ខ្លួន តាមរយៈ​ការ​បើក​ឱ្យ​សាធារណជន​ទូទៅ​ប្រើ​ដោយ​សេរី​ក្រៅពី​សិស្ស​និស្សិត​នៅ​តាម​វិទ្យាល័យ និង​មហាវិទ្យាល័យ។ អ្នក​ចុះ​ឈ្មោះ​ប្រើ​មាន​សន្ទុះ​កើនឡើង​យ៉ាង​ខ្លាំង​ពី ២០ ០០០គណនី ដល់ ៥០ ០០០គណនី​ដោយ​ប្រើ​ពេល​តែ១ថ្ងៃ។ 

១៣) ក្នុង​ឆ្នាំ២០០៧ ​ក្រុមហ៊ុន Google ​បាន​ចាប់អារម្មណ៍​ពី​ភាព​លេចធ្លោ​របស់ Facebook និង​ចង់​ដេញថ្លៃ​ទិញ​យក។ លោក Tim Armstrong ជា​បុគ្គលិក​ផ្នែក​លក់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (ad) របស់ Google បាន​ទទូច​សុំ​ថ្នាក់​ក្រុម​ប្រឹក្សា Google យល់​ព្រម​ឱ្យ​លោក​ទៅ​ដេញថ្លៃ​ទិញ​យក Facebook ដោយ​មើលឃើញ​អំពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ Facebook នៅ​អនាគត​អាច​រក​ស៊ី​បាន។ ​ក្រុមហ៊ុន Google មិន​ទទួល​បាន​កិច្ចព្រមព្រៀង​ទិញ​លក់​ពី Facebook ឡើយ តែ Google វិនិយោគ​ជាមួយ Facebook នូវ​ទឹកប្រាក់ ១៥ពាន់​លាន​ដុល្លារ។ 

១៤) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft លោក Steve Ballmer សួរ​មួយ​សំណួរ​ទៅ​លោក Mark Zuckerberg ថា៖ «ហេតុអ្វី​យើង​មិន​ទិញ Facebook តម្លៃ ១៥ពាន់​លាន​ដុល្លារ?»។ ក្នុង​ការ​ហួងហែង​ចង់​ទាញ Facebook ចេញ​ឆ្ងាយ​ពី​ក្រុមហ៊ុន Google លោក Steve Ballmer ក៏​ចង់​ទិញ​យក Facebook មក​ធ្វើ​ជា​របស់​ខ្លួន​តែ​ម្ដង​ក្នុង​ឆ្នាំ២០០៧។ លោក Ballmer ដឹង​ថា​លោក Zuckerberg នឹង​មិន​បោះបង់​ការ​គ្រប់គ្រង Facebook នោះ​ឡើយ ដូច្នេះ​លោក​បាន​ត្រឹមតែ​ទិញ​យក​ភាគហ៊ុន​មួយ​ចំណែក​តូច​របស់ Facebook ក្នុង​តម្លៃ ១៥ពាន់​លាន​ដុល្លារ។ ក្រោយ​មក Microsoft ទទួល​បាន​ជម្រើស ដោយ​នៅ​រៀងរាល់ ៦ខែ Microsoft អាច​ទិញ​ភាគហ៊ុន​ពី Facebook ៥% បន្ថែម។ បើ​ចង់​ទិញ Facebook បាន​ទាំង​មូល​លុះត្រា​តែ​ចំណាយ​ពេល​ពី ៥ឆ្នាំ​ទៅ​៧ឆ្នាំ។ 

ការ​ទិញ​លក់​រវាង Microsoft និង Facebook មិន​អាច​កើត​ឡើង ប៉ុន្តែ Microsoft បាន​ត្រឹមតែ​ទិញ​យក​ភាគហ៊ុន ១,៦% ពី Facebook ក្នុង​តម្លៃ ២៥០លាន​ដុល្លារ​ប៉ុណ្ណោះ នៃ​តម្លៃ Facebook សរុប ១៥ពាន់​លាន​ដុល្លារ៕



ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ businessinsider

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan