ភ្នំពេញ ៖ មិនបានមួយដង្ហើមចង្រិតផង ចំពោះការភពប្រសប់នឹងស្នេហ៍ថ្មីរបស់តារាសំដែងទឹកភ្នែកកញ្ញា នី មុនីនាថ ជាមួយនឹងបុរសជាអាណិកជនរស់នៅសហរដ្ឋអាមេរិកឈ្មោះ សូឡា ត្រូវបានប្រភពច្បាស់ការណ៍លួចទម្លាយឲ្យដឹងថា ខណៈពេលនេះ ភាគីខាងប្រុសកំពុងតែព្យាយាម និងរកលេសដោះដៃចោលនាងហើយ។
ប្រភពដដែលនិយាយទៀតថា គេនៅមិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់ដែលបណ្ដាលឲ្យសង្សារថ្មីរបស់តារាសំដែងអភ័ព្វស្នេហ៍ នី មុនីនាថ សុំបែកពីនាងនោះទេ។ តែបើតាមប្រភពខ្សឹបខ្សៀវពីមិត្តភ័ក្ដិរួមអាជីពដែលស្និទ្ធនឹងនាងបង្ហើបថា គឺផ្ដើមឡើងដោយសារតែកន្លង់ឆ្លងទ្វីបនោះបានដឹងអំពីទំនាក់ទំនង រវាងនាង និងសង្សារមុន ឈ្មោះ កែវ កុសល្យ ជាអាណិកជនអាមេរិកដែរនោះមានសភាពស្អិតរមួតដូចស្ករតាំងម៉ែ ដូច្នេះ ដើម្បីកុំឲ្យមានការនិយាយពីក្រោយខ្នង និងគេហៅថាអាវែកនោះ សង្សារថ្មីរបស់នាងក៏បានសុំចែកផ្លូវគ្នាតែម្ដង បើទោះជាបានភ្ជាប់ពាក្យនឹងគ្នាស្ងាត់ៗហើយក្ដី។
គេនិយាយទៀតថា ពេលនេះ នី មុនីនាថ កំពុងតែខ្វល់ខ្វាយចិត្តស្អិតទ្រូងសំបើមណាស់ រហូតបាយមិននឹក ទឹកក៏មិនស្រេកថែមទៀតផង ហើយចំពោះការងារសិល្បៈមួយចំនួនក៏ត្រូវបាននាងបដិសេធមិនទទួលយកការថតសំដែងផងដែរ។ គេមិនដឹងថា តើចំណងស្នេហ៍ឆ្លងទ្វីបរបស់តារាសំដែង នី មុនីនាថ លើកនេះ អាចឆ្លងផុតពីព្យុះព្យោមារហូតឈានដល់ថ្ងៃចូលរោងការដូចប្អូនធម៌របស់នាង សារ៉ាយ សក្ខណា ឬយ៉ាងណានោះទេ តែបើតាមមើលសភាពការណ៍នាពេលនេះ ហាក់ដូចជាគ្មានសង្ឃឹមសោះ ស្របពេលដែលខាងប្រុសមិនមានបំណងចង់ស្តារទំនាក់ទំនងឡើងវិញ និងបានដាក់មេប្រូចទៅសហរដ្ឋអាមេរិកវិញបាត់នោះ។
មជ្ឈដ្ឋានមហាជនដែលចូលចិត្តតាមដានរឿងរ៉ាវស្នេហារបស់តារាសិល្បៈខ្មែរបានបូញមាត់បូញកដាក់គ្នា ដោយលើកឡើងជាចម្ងល់ថា ហេតុអ្វីក៏កញ្ញា នី មុនីនាថ ចេះតែជួបរឿងស្នេហាមិនសមប្រកបយ៉ាងដូច្នេះ តារាសិល្បៈរូបនេះពិតជាអភ័ព្វមែន ហើយបើនិយាយអំពីរូបសម្រស់វិញ នាងមានទៅអន់ឯណា សាច់ស្រអែមរលោង គួរឲ្យចង់នែបនិត្យ និងមានសម្រស់ដើមទ្រូងទ្រលុកៗទាក់ទាញដែរ តើម៉េចក៏ពួកប្រុសៗទាំងនោះស្រឡាញ់នាងគ្រាន់តែត្រឹមធ្វើសង្សារលេងៗចឹង ជាក់ស្ដែងដូចជាបុរសឯនាយសមុទ្រឈ្មោះ សូឡា នេះជាដើម។
អស់រយៈពេល២ថ្ងៃហើយដែល«កម្ពុជាថ្មី»បានព្យាយាមទាក់ទងតាមប្រព័ន្ធទូរស័ព្ទដៃភ្ជាប់ទៅកាន់តារាសំដែងដ៏ស្រស់សោភាកញ្ញា នី មុនីនាថ ដើម្បីចង់បានចម្លើយពិតដែលបង្ហើរចេញពីបបូរមាត់នាងផ្ទាល់ ទាក់ទងនឹងពាក្យចចាមអារ៉ាមខាងលើនេះ តែគួរឲ្យស្ដាយមិនបានសម្រេច។ ទោះយ៉ាងណា យើងសង្ឃឹមថា នី មុនីនាថ នឹងចេញមុខធ្វើការបកស្រាយចំពោះរឿងរ៉ាវនៃចំណងស្នេហ៍របស់នាង ជាមួយបុរសឈ្មោះ សូឡា នោះ ដើម្បីឲ្យមហាជនដែលចង់ដឹងពីជីវិតឯកជនរបស់នាងអស់មន្ទិល និងបានដេកលក់ស្រួលផងដែរ៕
ប្រភពkampucheathmey

0 comments:
Post a Comment