Wed, 11 February 2015
ភ្នំពេញៈ ក្រុមហ៊ុន TEHO Development Cambodia Pte Ltd ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនសិង្ហបុរី បានសហការជាមួយវិនិយោគិនក្នុងស្រុក វិនិយោគទឹកប្រាក់ជាង ៥០០ លានដុល្លារ ក្នុងគម្រោងអភិវឌ្ឍន៍សណ្ឋាគារ អគារ កន្លែងកម្សាន្ត និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅតំបន់ជ្រោយចង្វារ។ នេះបើតាមតំណាងក្រុមហ៊ុនកាលពីម្សិលមិញ។
ក្រុមហ៊ុន TEHO Development Cambodia Pte Ltd នេះជាបុត្រសម្ព័ន្ធក្រុមហ៊ុន TEHO International Inc Ltd មានទីតាំងនៅ ប្រទេសសិង្ហបុរី ធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងវិស័យធនធានប្រេង ឧស្ម័ន និងអចលនទ្រព្យ។
គម្រោងអភិវឌ្ឍន៍នេះត្រូវបានគេឲ្យឈ្មោះថា The Bay ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន TEHO SBG Development Co Ltd ដែលជាការវិនិយោគរួមរវាងក្រុមហ៊ុន TEHO Development Cambodia Pte Ltd មានភាគហ៊ុន ៤៩ ភាគរយនិងក្រុមហ៊ុន សុខ ប៊ុន គ្រុប ៥១ ភាគរយ។
ការសាងសង់អគារក្នុងគម្រោង The Bay នេះនឹងចាប់ផ្តើមដោយបែងចែកជាបីដំណាក់កាលបន្តបន្ទាប់។ នេះបើតាម លោក ប៊ុន សុខ អគ្គនាយកក្រុមហ៊ុន TEHO SBG Development Co Ltd។
លោកថ្លែងថា៖ «យើងបានដាក់សំណើគម្រោងសាងសង់នេះជូនទៅរដ្ឋាភិបាលរួចហើយ។ យើងរំពឹងថា ការសាងសង់នឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ។ វានឹងបញ្ចប់នៅចុង ឆ្នាំ២០១៩ ឬដើម ឆ្នាំ២០២០ យ៉ាងយូរបំផុត»។
បន្ទាប់ពីសាងសង់រួចរាល់អគារទាំង ៧ នៅក្នុងគម្រោង The Bay នេះនឹងក្លាយជាបណ្តុំអគារខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ស្ថិតលើនៅតំបន់ជ្រោយចង្វារមិនឆ្ងាយពីសណ្ឋាគារសុខាលំដាប់ថ្នាក់ផ្កាយ ៥ នោះទេ។
លោកបន្តថា៖ «ទីផ្សាររបស់យើងគឺផ្តោតលើជនបរទេសច្រើនជាងប្រជាជនក្នុងស្រុក ព្រោះយើងបានសិក្សារួចហើយថា ទីផ្សាររបស់យើងដើរនៅក្នុងកម្រិតណា? ខ្ញុំគិតថា វាជាឱកាសល្អ ហើយប្រទេសយើងមានសក្តានុពលច្រើនជាងគេក្នុងតំបន់ ប្រសិនបើយើងលក់ក្នុងទីផ្សារអន្តរជាតិ ហើយយើងអាចកៀរគរអ្នកវិនិយោគបន្ថែមមកវិនិយោគនៅកម្ពុជា»។
តាមលោក សុខ ប៊ុន ដំណាក់កាល ទី១ រួមមាន សណ្ឋាគារប្រណីតកម្ពស់ ៤៥ ជាន់ ដែលនឹងត្រូវដាក់ឈ្មោះថា The Okura Prestige Phnom Penh ដែលត្រូវបានរំពឹងថា នឹងចំណាយទឹកប្រាក់អស់ប្រហែល ៥០ លានដុល្លារ បូករួមនឹងអគារស្នាក់នៅកម្ពស់ ៥៣ ជាន់។ សណ្ឋាគារថ្នាក់ផ្កាយ ៥ នេះនឹងត្រូវបានសាងសង់មាន ២៥០ បន្ទប់ បន្ទប់អាហារជប៉ុនពេលល្ងាចផ្សេងទៀត រង្គសាលលើដំបូល បន្ទប់ប្រជុំ និងបន្ទប់ជប់លៀង បន្ទប់ស្ប៉ា និងអាងហែលទឹកនៅក្រៅអគារ នឹងត្រូវដំណើរការដោយក្រុមហ៊ុន Hotel Okura Co Ltd ដែលជាក្រុមសណ្ឋាគារប្រណីតជប៉ុនដ៏ល្បីល្បាញ។
ដំណាក់កាល ទី២ និងដំណាក់កាល ទី៣ ដែលនឹងចាប់ផ្ដើមបន្តបន្ទាប់លើការសាងសង់អគារស្នាក់នៅកម្ពស់ ៥៥ ជាន់ចំនួន ៥ ថែមទៀត រួមទាំងផ្សារទំនើប និងកន្លែងកម្សាន្តផងដែរ។ ក្រុមហ៊ុនដែលទទួលខុសត្រូវលើការរចនាបណ្តុំអគារ The Bay គឺក្រុមហ៊ុន ONG&ONG ដែលល្បីល្បាញលើការផ្តល់សេវាស្ថាបត្យកម្មនៅប្រទេសសិង្ហបុរី។
លោក លូ ម៉េង ប្រធានសមាគមសណ្ឋាគារកម្ពុជាបានថ្លែងថា ខណៈចំនួនសណ្ឋាគារថ្នាក់ផ្កាយ ៥ មានមិនដល់ ១០ ផងនោះការផ្គត់ផ្គង់សេវាកម្មសណ្ឋាគារប្រណីតនៅពេលបច្ចុប្បន្នគឺខ្ពស់ជាងតម្រូវការរួចទៅហើយ។ បើទោះបីជាមានសុទិដ្ឋិនិយមចំពោះកំណើនការវិនិយោគក្នុងប្រទេសយ៉ាងណាក្តី លោកបានជំរុញឲ្យអ្នកវិនិយោគថ្មីៗត្រូវធ្វើការសិក្សាពីតម្រូវការមុនពេលសម្រេចចិត្តចូលក្នុងទីផ្សារ។
លោកបន្តថា៖ «ខណៈវាល្អសម្រាប់ប្រទេសកម្ពុជា ដែលមានវិនិយោគិនចូលមកកម្ពុជាជាមួយគម្រោងវិនិយោគធំៗ ប៉ុន្តែសណ្ឋាគារកាន់តែច្រើននឹងមានន័យថា មនុស្សគ្រប់គ្នានឹងមានចំណែកទីផ្សារកាន់តែតូច លុះណាតែអ្នកចូលមកថ្មីៗអាចនាំយកតម្រូវការរបស់អតិថិជនកាន់តែច្រើនសម្រាប់សណ្ឋាគារប្រណីត ឬមានជើងហោះហើរត្រង់កាន់តែច្រើនចេញពីជប៉ុន ឬ អាមេរិកមកកម្ពុជា»។
លោក សៀរ រិទ្ធី ប្រធានក្រុមហ៊ុន Worldbridge Land ដែលមានភាគហ៊ុននៅក្នុងក្រុមហ៊ុន Oxley Gem (Cambodia) Co ជាក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក កំពុងកាន់គម្រោងសាងសង់សណ្ឋាគារអន្តរជាតិ Shangri-La ល្បីឈ្មោះរបស់ទីក្រុងហុងកុង ដែលនឹងបញ្ចប់នៅ ឆ្នាំ២០១៨ នោះថ្លែងថា៖ «គម្រោងមួយត្រូវតែច្បាស់លាស់អំពីសក្ដានុពលទីផ្សារបស់ខ្លួន បើមិនអ៊ីចឹងទេវានឹងត្រូវបញ្ចប់ ជាវិបត្តិអចលនទ្រព្យដែលកើនឡើង ហើយធ្លាក់ចុះវិញដូចជាគម្រោងមួយកាលពី ឆ្នាំ២០០៨ កន្លងទៅ»៕
----------------------
Source:http://www.postkhmer.com/
0 comments:
Post a Comment