Wednesday, 4 February 2015

តម្លៃ​អង្ករ​ខ្ពស់​ដាក់​កម្រិត​ដល់​ការ​នាំ​ចេញ​របស់ ប្រទេស​ថៃ



ក្រុង​បាងកកៈ ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ថៃ​កំពុង​ព្យាករ​ថា ការ​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​នេះ​អាច​មាន​ត្រឹម​តែ ១០ លាន​តោន​ប៉ុណ្ណោះ​ដែល​មូល​ហេតុ​ចម្បង​គឺ​ដោយ​សារ​តម្លៃ​អង្ករ​ថៃ​ខ្ពស់។
លោក Charoen Laotham matas ប្រធាន​សមាគម​នាំ​ចេញ​អង្ករ​ថៃ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា បរិមាណ​នាំ​ចេញ​ដែល​បាន​ព្យាករ​នេះ​មាន​កម្រិត​ទាប​ជាង​ខ្លាំង ធៀប​នឹង​ការ​ព្យាករ​របស់​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​កសិកម្ម​អាមេរិក។
សមាគម​នេះ​រំពឹង​ថា ការ​នាំ​ចេញ​អាច​នឹង​ទទួល​បាន​ចំណូល​ចំនួន ៥,៩៥ ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ស្មើ​នឹង ១៦១ ពាន់​លាន​បាត​នៅ ឆ្នាំ​២០១៥។
បរិមាណ​អង្ករ​ចំនួន ១០ លាន​តោន​នេះ រួម​មាន អង្ករ​ល្អ​ចំនួន ៥ លាន​តោន អង្ករ​ក្រអូប​ម្លិះ​ចំនួន ២ លាន​តោន អង្ករ​សំរូប​ចំនួន ២,៧ លាន​តោន អង្ករ​ដំណើប​ចំនួន ១០ ម៉ឺន​តោន និង​អង្ករ​ក្រអូប​ថៃ ប៉ាធុមថានី ចំនួន ២០ ម៉ឺន​តោន។
ក្រសួង​កសិកម្ម​អាមេរិក បាន​ព្យាករ​នា​ពេល​ថ្មីៗ​នេះ​ពី​ការ​នាំ​ចេញ​អង្ករ​ថៃ ថា​នឹង​មាន​ចំនួន ១១,៣ លាន​តោន ហើយ​ក្រសួង​ពាណិជ្ជកម្ម​ថៃ ក៏​បាន​ប្រកាស​នា​ពេល​ថ្មីៗ​នេះ​ដែរ​ថា ខ្លួន​មាន​សុទិដ្ឋិនិយម​ស្តីពី​ការ​វិល​ត្រឡប់​របស់​ប្រទេស​ថៃ មក​គ្រប់​គ្រង​ទីផ្សារ​អង្ករ​ពិភពលោក​វិញ ដោយ​ការ​នាំ​ចេញ​មាន ១១ លាន​តោន​ក្នុង​ឆ្នាំ​នេះ។
ប្រទេស​ថៃ បាន​នាំ​ចេញ​អង្ករ​ចំនួន ១០,៩៦ លាន​តោន​កាល​ពី​ឆ្នាំ​មុន ពោល​គឺ​កើន​ឡើង ៦៦ ភាគ​រយ​ធៀប​នឹង​ការ​នាំ​ចេញ​នៅ ឆ្នាំ​២០១៣។ ទំហំ​នៃ​ការ​នាំ​ចេញ​បាន​កើន​ឡើង ២៣ ភាគរយ​ដល់ ៥,៤៣ ពាន់​លាន​ដុល្លារ។
លោក Charoen បាន​ថ្លែង​ថា ឆ្នាំ​២០១៥ គឺ​ជា​ឆ្នាំ​ដែល​មាន​បញ្ហា​ប្រឈម​ចំពោះ​ការ​នាំ​ចេញ​អង្ករ ដោយ​បច្ចុប្បន្ន​អង្ករ​ថៃ មាន​តម្លៃ​ខ្ពស់​បំផុត​ប្រចាំ​តំបន់។
ឧទាហរណ៍ តម្លៃ​អង្ករ​បាក់ ៥ ភាគ​រយ​ដឹក​ដល់​កំពង់​ផែ​របស់​វៀតណាម ដែល​ជា​គូ​ប្រជែង​សំខាន់​មួយ​របស់​ថៃ មាន​តម្លៃ​ពី ៣៥០ ទៅ ៣៦០ ដុល្លារ​ក្នុង​មួយ​តោន​ធៀប​នឹង​អង្ករ​ថៃ ដែល​មាន​តម្លៃ ៤០៥ ទៅ ៤១០ ដុល្លារ​ក្នុង​មួយ​តោន។
កាល​ពី​ឆ្នាំ​មុន តម្លៃ​អង្ករ​ថៃ​មាន​តម្លៃ​ថោក​ជាង​អង្ករ​វៀតណាម​ពី ២០ ទៅ ៣០ ដុល្លារ​ក្នុង​មួយ​តោន។
លោក Charoen បាន​បន្ត​ឲ្យ​ដឹង​ថា៖ «នៅ​ឆ្នាំ​នេះ ប្រទេស​ថៃ អាច​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ខ្លាំង។ ទន្ទឹម​នឹង​នោះ​ដែរ​ស្តុក​អង្ករ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​រដ្ឋាភិបាល និង​អត្រា​ប្តូរ​ប្រាក់​បរទេស​ដែល​ប្រែ​ប្រួល​ខ្លាំង​ដោយ​សារ​គោល​នយោបាយ​ផ្គត់​ផ្គង់​ថវិកា​បន្ថែម (QE) នៅ​អឺរ៉ុប និង​ជប៉ុន ទំនង​ជា​បង្កើន​សម្ពាធ​កាន់​តែ​ខ្លាំង​លើ​តម្លៃ​អង្ករ​ថៃ»។
លោក​បាន​បន្ត​ថា៖ «ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​ក៏​អាច​ជំរុញ​ឲ្យ​អតិថិជន​ដែល​មាន​សក្តា​នុពល​ខ្ពស់​នៅ​តំបន់​អាហ្វ្រិក ដូច​ជា​ប្រទេស​នីហ្សេ​រីយ៉ា ទិញ​អង្ករ​តិច​ជាង​មុន​ផង​ដែរ»។
ជាង​នេះ​ទៀត ស្ថានភាព​រាំង​ស្ងួត​កំពុង​កាត់​បន្ថយ​ទិន្នផល​អង្ករ​ក្នុង​ស្រុក ជា​ពិសេស​ទិន្នផល​អង្ករ​នៅ​រដូវ​ប្រមូល​ផល​លើក​ទីពីរ។
លោក Chookiat Ophaswongse ប្រធាន​កិត្តិយស​នៃ​សមាគម​នាំ​ចេញ​អង្ករ​ថៃ​បាន​ថ្លែង​ថា ការ​នាំ​ចេញ​អង្ករ​ទាប​អាច​នឹង​កើត​មាន ជា​ពិសេស​ចំពោះ​អង្ករ​ស និង​អង្ករ​សំរូប ដោយ​សារ​អតិថិជន​សក្តានុពល អាច​នឹង​ងាក​មក​រក​អង្ករ​ដែល​មាន​តម្លៃ​ថោក​ជាង​នេះ​ពី​ប្រទេស​ផលិត​អង្ករ​ផ្សេង​ទៀត ដោយ​សារ​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង និង​កំណើន​ថ្លៃ​ប្រាក់​បាត​ថៃ។
លោក Vichai Sriprasert ប្រធាន​កិត្តិយស​សមាគម​នាំ​ចេញ​អង្ករ​ថៃ​ម្នាក់​ទៀត បាន​ថ្លែង​ថា អត្រា​ប្តូរ​ប្រាក់​បរទេស​នឹង​ដើរ​តួនាទី​សំខាន់​មួយ​ថា តើ​ការ​នាំ​ចេញ​អង្ករ​នឹង​មាន​ទំហំ​ប៉ុនណា​ជាមួយ​នឹង​វិធានការ QE នៅ​បរទេស ដែល​ជា​បញ្ហា​សំខាន់​មួយ​ទៀត​នោះ?
លោក​បាន​ជំរុញ​ឲ្យ​ធនាគារ​កណ្តាល​ថៃ​ជួយ​គ្រប់គ្រង​តម្លៃ​ប្រាក់​បាត និង​រក្សា​តម្លៃ​រូបិយប័ណ្ណ​នេះ​ឲ្យ​ស្រប​តាម​រូបិយប័ណ្ណ​របស់​គូ​ប្រជែង​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan