មានវ័យ ២៦ឆ្នាំលោក អ៊ុន ចាន់ណារើន បានក្លាយជាសហស្ថាបនិកក្រុមហ៊ុនលីហ្គីសឌីស៊ីគ្រុប (LEA Gis Design & Construction Group) ជាប្រធានអង្គការនិស្សិតកម្ពុជាដើម្បីការអភិវឌ្ឍន៍ដែលធ្វើការទៅលើការបណ្ដុះបណ្ដាលជំនាញវគ្គខ្លីផ្នែកស្ថាបត្យកម្ម សំណង់ រៀបចំដែនដី និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ទៅដល់សិស្សនិស្សិតកម្ពុជា និងជាម្ចាស់ភាគហ៊ុនវិនិយោគសំណង់អគារអាផាតមិនមួយដែលមានតម្លៃ ៧០ម៉ឺនដុល្លារអាមេរិក។
«បើយើងចង់ដើរឲ្យឆ្ងាយត្រូវដើរជាក្រុម ចង់ដើរឲ្យលឿនត្រូវដើរម្នាក់ឯង ដូច្នេះក្នុងនាមជាអ្នករកស៊ីម្នាក់ត្រូវមានការជជែកគ្នា និងសហការគ្នាជាក្រុម ត្រូវសម្រួចទិសដៅរួមគ្នាឲ្យស៊ីជម្រៅ និងត្រូវបែងចែកឲ្យដាច់ដោយឡែកពីគ្នានូវតួនាទីទទួលខុសត្រូវការងារ»។ នេះជាទស្សនៈយល់ឃើញនៃការចាប់ផ្ដើមភាពជាដៃគូរនៅក្នុងការធ្វើអាជីវកម្មរួមគ្នា ។
លោក អ៊ុន ចាន់ណារើន មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ លោកជាកូនពៅចំណោមបងប្អូនប្រុសស្រី៥នាក់ក្នុងគ្រួសារដែលមានជីវភាពមធ្យម។ លោករៀននៅវិទ្យាល័យពោធិ៍សាត់ និងបានជាប់ជាសិស្សពូកែផ្នែករូបវិទ្យានៅទូទាំងខេត្តពោធិ៍សាត់ ។ ដោយមានជំនាញ និងឧបនិស្ស័យទៅនឹងការវិភាគបាតុភូតនិងជាសិស្សពូកែផងនោះ លោក ណារើន បានចូលរៀនយកបរិញ្ញាបត្រផ្នែកស្ថាបត្យកម្មនិងនគរូបនីយវិទ្យានៅសាកលវិទ្យាល័យន័រតុន ហើយបានបញ្ចប់ដោយជោគជ័យនៅឆ្នាំ២០១២។
ក្នុងរយៈពេល៥ឆ្នាំនៃការសិក្សា លោក ចាន់ណារើន ធ្លាប់ធ្វើជាអ្នកស្ម័គ្រចិត្តនៅតាមក្រុមហ៊ុនសំណង់ និងធ្វើជាគ្រូបណ្ដុះបណ្ដាលផ្នែកស្ថាបត្យកម្មនៅតាមសាលាឯកជនដើម្បីបង្កើនសមត្ថភាពបន្ថែមក្នុងការសិក្សារៀនសូត្រ ។ ចំពោះបទពិសោធន៍ទាំងនេះលោកលើកឡើងថា៖«ការរៀននៅសាកលវិទ្យាល័យបើយើងពឹងផ្អែកតែលើសាលាមិនទាន់គ្រាប់គ្រាន់ទេ ទាមទារដាច់ខាតនូវបទពិសោធន៍ឆ្លងកាត់ ហើយចំពោះសញ្ញាបត្រ ពិន្ទុវាមិនសំខាន់នោះទេ ប៉ុន្តែសំខាន់ទៅលើលទ្ធផលការងារជាក់ស្ដែង »។
អតីតសិស្សពូកែរូបវិទ្យារូបនេះ ក៏ធ្លាប់ជួបរឿងបរាជ័យផងដែរក្នុងការគ្រប់គ្រងបុគ្គលិកនៅពេលដែលលោកចាប់ផ្ដើមបើកសាលាបណ្ដុះបណ្ដាលផ្នែកស្ថាបត្យកម្មក្រោយពេលដែលលោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅឆ្នាំ២០១២ ។
លោកលើកឡើងដូច្នេះថា៖«ខ្ញុំបើកសាលាដំបូងល្បី មានការគាំទ្រច្រើន រយៈពេលកន្លះឆ្នាំមកនេះ ដោយសារការគ្រប់គ្រងបុគ្គលិកមិនល្អនិងការរៀបចំប្រព័ន្ធខាងក្នុងមិនល្អធ្វើឲ្យមានការធ្លាក់ចុះទៅវិញនូវគុណភាពប៉ុន្តែបញ្ហាទាំងនេះធ្វើឲ្យខ្ញុំចាំផ្ដើមរៀនដោះស្រាយបញ្ហា » ។
សាលាបណ្ដុះបណ្ដាលជំនាញវគ្គខ្លីខាងលើនេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនលីហ្គីស ឌីស៊ីគ្រុប(LEA Gis Design & Construction Group) ។ តាមការបញ្ជាក់ពីប្រភពខាងលើ ចាប់តាំងបង្កើតរហូតដល់ពេលបច្ចុប្បន្ននេះ មានសិស្សប្រមាណ ៨០០នាក់ហើយដែលបានចុះឈ្មោះចូលរៀនខណៈដែលសព្វថ្ងៃមាននិស្សិត ៣០០នាក់កំពុងទទួលការបណ្ដុះបណ្ដាល ហើយថែមទាំងផ្ដល់កន្លែងការងារសម្រាប់បុគ្គលិកចំនួន៣៥នាក់ផងដែរ ។
ឆ្លងកាត់បទពិសោធន៍ល្អៗជាច្រើនតាំងពីធ្លាប់ធ្វើជាបុគ្គលិកបម្រើការងារឲ្យគេរហូតក្លាយជាម្ចាស់ភាគហ៊ុនអគារអាផាតមិននិងប្រធានសាលាបណ្ដុះបណ្ដាលផ្នែកស្ថាបត្យកម្មលោក អ៊ុន ចាន់ណារើន យល់ឃើញថាការបំពេញការងារដោយមានការខិតខំប្រឹងប្រែង ស្មោះត្រង់ ហើយចាត់ទុកការងារនៅក្នុងបេះដូងនោះ វានឹងផ្ដល់ផលល្អសម្រាប់អ្នកប្រតិបត្តិ ។ លោកថា៖«ភាពស្មោះត្រង់ជាចក្ខុវិស័យរបស់មនុស្ស ខ្ញុំរីកចំរើនមកដល់បច្ចុប្បន្នដោយសារភាពស្មោះត្រង់ ។ មានបុគ្គលិកជាច្រើនគឺធ្វើការងារទៅតាមប្រាក់ខែគឺប្រាក់ខែ១០០ធ្វើបែបមួយរយ តែបើយើងចង់បានប្រាក់ខែ១ពាន់ត្រូវធ្វើឲ្យដូចអ្នកបានប្រាក់ខែ១ពាន់» ។
ដោយប្រៀបធៀបទៅតាមទ្រឹស្ដីព្រះពុទ្ធសាសនាដែលលើកឡើងថា«កុសលផលបុណ្យទាំងឡាយតែងតែកើតមានឡើងដល់អ្នកប្រតិបត្តិ» ។ លោកបានបញ្ជាក់ថា៖«ប្រសិនបើយើងចង់បានលទ្ធផលល្អ យើងត្រូវខំធ្វើប្រកបដោយទស្សនៈវិជ្ជមាន ហើយធ្វើអ្វីក៏ដោយត្រូវតែមានភាពស្មោះត្រង់ៗជាអ្នកកំណត់ជោគវាសនារបស់អ្នក » ។
លោក អ៊ុន ចាន់ណារើនក៏ធ្លាប់ជាបុគ្គលិកធ្វើការនៅសាកលវិទ្យាល័យន័រតុនផងដែរ ។ កត្តាដែលធ្វើឲ្យលោកមានឱកាសធ្វើការនៅទីនោះដោយសារលទ្ធផលនៃការសិក្សារបស់លោក រួមទាំងបទពិសោធន៍ការងារជាគ្រូបណ្ដុះបណ្ដាលផ្នែកស្ថាបត្យកម្មនេះ។ ជាមួយនឹងការចាប់ផ្ដើមអាជីវកម្មរួមគ្នាទៅលើគម្រោងអគារអាផាតមិននៅមុខសាកលវិទ្យាល័យបៀលប្រាយ ក្នុងទំហំទឹកប្រាក់៧០ម៉ឺនដុល្លារអាមេរិកនេះ វាជាការមើលឃើញពីទស្សនៈវែងឆ្ងាយមួយនៃការធ្វើការងារជាក្រុម។
ការចាប់ផ្ដើមអាជីវកម្មនៅលើកផ្លូវតែមួយនៅរយៈពេលពីរឆ្នាំមកនេះ ក្រុមការងារលោកប្រកាន់ទស្សនៈរួមមួយដោយផ្ដោតលើកការគ្រប់គ្រងប្រកបដោយតម្លាភាព ការលើកទឹកចិត្ត និងភាពស្មោះត្រង់ ៕
អត្ថបទ ៖ ចាន់ សុខ នាង /thebnews
ដោយប្រៀបធៀបទៅតាមទ្រឹស្ដីព្រះពុទ្ធសាសនាដែលលើកឡើងថា«កុសលផលបុណ្យទាំងឡាយតែងតែកើតមានឡើងដល់អ្នកប្រតិបត្តិ» ។ លោកបានបញ្ជាក់ថា៖«ប្រសិនបើយើងចង់បានលទ្ធផលល្អ យើងត្រូវខំធ្វើប្រកបដោយទស្សនៈវិជ្ជមាន ហើយធ្វើអ្វីក៏ដោយត្រូវតែមានភាពស្មោះត្រង់ៗជាអ្នកកំណត់ជោគវាសនារបស់អ្នក » ។
0 comments:
Post a Comment