Thursday, 26 February 2015; News by ដោយ Noami-Collett Ritz
ក្នុងវ័យ៨៨ឆ្នាំ លោក វណ្ណ ម៉ូលីវណ្ណ មានក្តីបារម្ភអំពីស្នាដៃស្ថាបត្យកម្មរបស់ខ្លួន។ (រូបថត Haig Balian)
សៀមរាប ខ្មែរថាមស៍ – អ្នកផលិតខ្សែភាពយន្ត គឺលោក Christopher Rompré និងលោក Haig Balian មានសាច់រឿងមួយគួរឲ្យចាប់អារម្មណ៍ សម្រាប់ខ្សែភាពយន្តឯកសារ អំពីលោក វណ្ណ ម៉ូលីវណ្ណ ។ ប៉ុន្តែពួកគេមិនដឹងថាខ្សែភាពយន្ត នេះនឹងទទួលការចាប់អារម្មណ៍ យ៉ាងខ្លាំងទេក្នុងសម័យអាំងទែរណែតនេះ។
ពួកគេបានរៃអង្គាសប្រាក់ តាមរយៈគេហទំព័រ IndieGogo។ ក្នុងរយៈពេល១០ថ្ងៃខ្សែភាពយន្ត ឯកសារ ស្តីអំពីជីវិត ស្នាដៃ និងទស្សនវិស័យ ទុទិដ្ឋិនិយមចំពោះ ប្រទេសកម្ពុជា របស់ស្ថាប ត្យករនេះ ជួយឲ្យពួកគេរៃអង្គាសថវិកាបានច្រើនគួរសម។
ជាលទ្ធផលគឺខ្សែភាពយន្តឯកសារ មួយស្តីពី ស្ថាបត្យករសម័យសីហនុ ដែលនឹងត្រូវចេញ នាពេលឆាប់ៗខាងមុខគឺរឿង “The Man Who Built Cambodia”។
អ្នកមានទេពកោសល្យខ្ពស់
លោក Rompré និងលោក Balian បានជួបគ្នានៅ ទីក្រុងភ្នំពេញកាលពី៣ឆ្នាំមុន។ ពួកគេបាន សហការគ្នាក្នុងការថតខ្សែភាពយន្ត ហើយ ក៏បានជួបលោក Bill Greaves ដែលជាអ្នក ដឹកនាំគម្រោងខ្សែភាពយន្ត អំពីលោកវណ្ណ ម៉ូលីវណ្ណ ។
លោក Balian បាននិយាយអំពីស្ថាបត្យករ ដែលបច្ចុប្បន្នរស់នៅសៀមរាបនេះថា “លោក ម៉ូលីវណ្ណ គឺជាមនុស្សមានទេពកោសល្យតែ មួយគត់ដែល ពោរពេញទៅ ដោយរឿងរ៉ាវគួរ ឲ្យចាប់អារម្មណ៍ ម៉្យាងទៀតគុណភាពនៃស្ថាបត្យកម្មរបស់គាត់ មានភាពអស្ចារ្យ។ ដូច្ចេះ ហើយគេហៅគាត់ថាជាស្ថាបត្យករកំពូល។”
និស្សិត សិល្បករ និងប្រវត្តិវិទូក្នុងស្រុកបានចូល រួមគ្នាគាំទ្រខ្សែភាពយន្តនេះ ដោយបានផ្តល់ជាថវិកាសម្រាប់ការថតបញ្ចប់ចុងក្រោយ។
លោក Balian បាននិយាយថា “យើងមានការ ភ្ញាក់ផ្អើល ដោយសារមានការចាប់អារម្មណ៍ ខ្លាំងចំពោះរឿងនេះ។ យើងបានថតចប់ ហើយប៉ុន្តែ យើងចង់ផ្តល់ការយកចិត្តទុកដាក់ និងគុណភាពដល់ខ្សែភាពយន្តនេះ ឲ្យបានច្រើនបន្តិច។”
លោក Rompré និងលោក Balian បានខិតខំក្នុង ការធ្វើឲ្យ ខ្សែភាពយន្តឯកសារនេះ មាន ទស្សនីយភាពអស្ចារ្យ តាមដែលអាចធ្វើទៅ បាន។
លោក Balian បាននិយាយថា “អ្វីដែលធ្វើឲ្យ ភាពយន្តនេះប្លែក គឺការប្រើបច្ចេកទេសថត ពីលើអាកាស។” ការប្រើយន្តហោះ drone ដោយគ្មានការអនុញ្ញាត ត្រូវបានគេហាមប្រាម នៅក្នុងប្រទេសកម្ពុជា កាលពីសប្តាហ៍មុន។ សំណាងល្អគឺ ភាពយន្តរបស់ពួកគេត្រូវបាន ថតបញ្ចប់ជាស្ថាពរ។ លោក Balian បាននិយាយ ថា “យើងបានថតបញ្ចប់រួចទៅហើយ។”
ខ្យល់ចេញចូល និងម្លប់
សម្រាប់លោក Balian ទិដ្ឋភាពដែលគួរឲ្យចាប់ អារម្មណ៍មួយនៃស្នាដៃរបស់លោក ម៉ូលីវណ្ណ គឺការដែលធ្វើឲ្យមាន ខ្យល់ចេញចូល ការបង្កើត ជាម្លប់ និងរបៀបដែលគាត់ប្រើប្រាស់ព្រះអា ទិត្យក្នុង ការបំភ្លឺផ្ទៃក្នុងនៃអគារ… ពីអគារមួយ ទៅអគារមួយទៀត គឺយើងមើលឃើញ នូវ ទិដ្ឋភាពទាំងនេះ។ ក្នុងនោះក៏មានមានលក្ខណៈ ពិសេសដែលទ្រទ្រង់ដល់បរិស្ថានដែរ។ គាត់ គឺជាស្ថាបត្យករបៃតង មុនពេលដែលពាក្យនេះត្រូវបានបង្កើតទៅទៀត។
លោក ប៉ែន សិរីបញ្ញា គឺជានិស្សិតស្ថាបត្យកម្ម វ័យក្មេងម្នាក់និងជាអ្នកគាំទ្រលោក ម៉ូលីវណ្ណ ដែលកំពុងធ្វើការនៅ Sasa Bassac Gallery។ លោកបានពិពណ៌នាលោក ម៉ូលីវណ្ណ ថាជា អ្នកដែល ធ្វើឲ្យមានទំនាក់ទំនង រវាងបច្ចុប្បន្ន និងអតីតកាល ហើយក៏ជាមនុស្សម្នាក់ដែល ស្ថាបត្យករ ក្មេងៗកម្របានឃើញដែរ។ លោក ម៉ូលីវណ្ណ ឧស្សាហ៍ជជែកគ្នាជាមួយយុវជន ហើយពេញចិត្តក្នុងតួនាទីជាអ្នកណែនាំ។
នៅពេលត្រូវបានគេសួរ អំពីអនាគតនៃស្ថាបត្យ កម្មកម្ពុជា លោក Balian បានឆ្លើយតបថា “លោកម៉ូលីវណ្ណ មានទុទិដ្ឋិនិយមចំពោះគុណ ភាពអប់រំ នៃសាកលវិទ្យាល័យ ក្នុងស្រុក។ គាត់គិតថាយុវជនខ្មែរ ដែលសិក្សានៅបរទេស គឺជាបន្តវេនពីគាត់។”
លោកម៉ូលីវណ្ណ បានចាកចេញពីភ្នំពេញកាល ពីឆ្នាំមុន ហើយបានទៅរស់នៅសៀមរាបដែល នៅទីនោះអ្នកផលិតខ្សែភាពយន្តនេះ បាន បញ្ចប់ការសម្ភាសន៍ និងការថតរបស់ពួកគេ។
ក្រៅពីការសម្ភាសន៍ជាមួយលោក ម៉ូលីវណ្ណ នៅផ្ទះរបស់លោកនៅភូមិត្រង់ អ្នកទាំងពីរបាន សម្ភាសន៍ជាមួយលោក Darryl Collins ដែល ជាសហអ្នកនិពន្ធ នៃសៀវភៅឈ្មោះ“ស្ថាបត្យ កម្មខ្មែរថ្មី” និងលោក ឃួន ឃុននាយ ដែលជា ស្ថាបត្យករម្នាក់ និងជាសហសេវិករបស់លោក ម៉ូលីវណ្ណ កាលពីចុងទសវត្សឆ្នាំ១៩៦០។
នៅពេលត្រូវបានគេសួរថាហេតុអ្វី ដែលធ្វើឲ្យ លោកម៉ូលីវណ្ណ មករស់នៅសៀមរាប លោក Balian បានលើកឡើងអំពីភាពអស់សង្ឃឹម របស់លោកម៉ូលីវណ្ណ ចំពោះអនាគតនៃអគារ របស់គាត់។
លោក Balian បាននិយាយថា “គាត់មានទុទិ ដ្ឋិនិយមចំពោះអគារ របស់គាត់នៅភ្នំពេញ។ អគាររបស់គាត់ គឺជាគ្រួសាររបស់គាត់។គាត់ បានដាក់ឈ្មោះអគារទាំង នេះតាមឈ្មោះកូន របស់គាត់។ នៅពេលឃើញគេមិនយកចិត្តទុក ដាក់ចំពោះអគារទាំងនេះ ហើយជាពិសេសគឺ សាលមហោស្រពទន្លេបាសាក និងព្រឹទ្ធសភា ត្រូវបានគេវាយចោលគឺធ្វើ ឲ្យគាត់ខូចចិត្តប៉ុន្តែ តើនេះគឺជាហេតុផលដែលគាត់ មករស់នៅ សៀមរាបឬ? ខ្ញុំមិនអាចនិយាយបានទេ។”
ភាពយន្តនេះ មិនមែនត្រឹមតែដើម្បីបង្ហាញពីស្នាដៃស្ថាបត្យកម្មរបស់លោក ម៉ូលីវណ្ណ ប៉ុណ្ណោះទេវាក៏មានបំណងបង្ហាញពីស្ថានភាព នៃទីក្រុងភ្នំពេញផងដែរ៕
0 comments:
Post a Comment