Monday, 2 February 2015

៨យ៉ាង​ដែល​លោក​អ្នក​កំពុង​យល់​ខុស​​លើ ​ទូរស័ព្ទ និង​កុំព្យូទ័រ ល្មម​ដល់ពេល​ឈប់​ជឿ​ហើយ

<

៨យ៉ាង​ដែល​លោក​អ្នក​កំពុង​យល់​ខុស​​លើ ​ទូរស័ព្ទ និង​កុំព្យូទ័រ ល្មម​ដល់ពេល​ឈប់​ជឿ​ទៅប្រភព៖​ businessinsider

ផ្នត់​គំនិត​ចំពោះ​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក (ស្មាតហ្វូន/កុំព្យូទ័រ) អាច​មាន​តៗ​គ្នា​ជា​យូរ​មក ដោយ​អ្នក​ខ្លះ​នៅតែ​បន្ត​អនុវត្ត​តាម ហើយ​ខ្លះ​ក៏​បាន​កែប្រែ​ទស្សនៈ និង​ទម្លាប់​ចាស់ៗ​វិញ ព្រោះ​ជា​រឿង​មិន​ត្រឹមត្រូវ។ ខាង​ក្រោម​នេះ​គឺ​ជា ការ​យល់​ខុស ជុំវិញ​រឿងរ៉ាវ​ពាក់ព័ន្ធ​បច្ចេកវិទ្យា ៨យ៉ាង​ដែល​អ្នក​គួរ​បញ្ឈប់​ការ​ជឿ​តទៅទៀត​ហើយ៖


១) កុំព្យូទ័រ Mac មិន​ឆ្លង​មេរោគ?

1

ដោយសារ​បច្ចេកវិទ្យា​មាន​ការ​អភិវឌ្ឍ គេ​ជឿ​ថា នៅ​ក្នុង​ពិភព​បច្ចេកវិទ្យា​នេះ សុវត្ថិភាព​ប្រព័ន្ធ​កុំព្យូទ័រ​មិន​អាច​រក្សា​នៅ​បាន​ជា​រៀង​រហូត​នោះ​ទេ ពោល​គឺ​តែង​មាន​ជន​ព្យាយាម​បំផ្លាញ ហើយ​ក៏​មាន​ជន​ខិតខំ​ការពារ​សុវត្ថិភាព​ពី​មេរោគ (virus) និង hackerផង​ដែរ។ ជាក់ស្ដែង កុំព្យូទ័រ Mac របស់ Apple ដែល​ពីមុន​សាធារណជន​តែង​យល់​ថា មិន​ចេះ​ឆ្លង virus ប៉ុន្តែ​ពេល​នេះ ក៏​អាច​ឆ្លង​ដូច​គ្នា​នឹង​កុំព្យូទ័រ​ដំណើរការ​ដោយ Windows ដែរ គ្រាន់តែ virus នៅ​លើ Mac មិន​​ច្រើន​ដូច Windows។ មេរោគ​ដែល​វាយប្រហារ​កុំព្យូទ័រ Mac ភាគច្រើន​គឺ​ប្រភេទ Trojan ជាក់ស្ដែង​កាលពី​ឆ្នាំ​២០១២ បាន​អុកឡុក​លើ Mac អស់​រាប់ពាន់​គ្រឿង​មក​ហើយ។


២) ការ​បើក browser តាម​ទម្រង់ Private/Incognito គឺ​អាច​រក្សា​សុវត្ថិភាព​អ្នក​ពី Hacker?

2

មាន​ការ​យល់​ខុស​ថា ការ​ប្រើ “អនាមិក ឬ incognito” និង “ឯកជន ឬ private” គឺ​នឹង​ផ្ដល់​សុវត្ថិភាព​លើ​បណ្ដាញ​អ៊ីនធឺណិត។ ប្រសិនបើ​អ្នក​កំពុង​ប្រើ Incognito Mode នៅ​លើ Google Chrome ឬ Private browsing នៅ​លើ Firefox និង Safari តាម​ធម្មតា​គឺ​មានន័យ​ថា​កម្មវិធី browser នឹង​មិន​ចាប់​យក history រួម​ទាំង bookmarks របស់​អ្នក​មក​រក្សាទុក​នោះ​ទេ។ ប៉ុន្តែ​វា​មិន​បាន​បញ្ចៀស និង​ការពារ​អ្នក​ពី hacker បាន​ឡើយ ប្រសិន​បើ​អ្នក​នៅ​តែ​បើក​ចូល​ទៅកាន់​គេហទំព័រ​ដែល hacker បាន​រាយ​អន្ទាក់​ចាំ។

៣) ការ​ដោត​សាក​ថ្ម​ទូរស័ព្ទ​ចោល គឺ​បំផ្លាញ​ថ្ម (battery)?

3

ម្ចាស់​ទូរស័ព្ទ​ភាគច្រើន​ប្រហែល​មាន​ទម្លាប់​ដោត​សាក​ថ្ម​ទូរស័ព្ទ​របស់​ខ្លួន​ចោល​ពេញ​មួយ​យប់ ទោះបី​ថ្ម​នោះ​ពេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​មុន​ទៅ​ហើយ។ សកម្មភាព​បែបនេះ ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​លើកឡើង​ថា អាច​បណ្ដាលឲ្យ​ថ្ម​ទូរស័ព្ទ​ឆាប់​ខូច​បាន ប៉ុន្តែ​ការពិត​គេ​មិន​មាន​ភស្តុតាង​ណា​មក​បញ្ជាក់​បាន​នៅ​ឡើយ​ទេ។ ទូរស័ព្ទ​ស្មាតហ្វូន​ទំនើបៗ​ជាច្រើន​ប្រើ​ថ្ម lithium-ion ដែល​បង្កប់​លក្ខណៈ​ឆ្លាតវៃ នឹង​បញ្ឈប់​ការ​ទទួល​សាក​ថាមពល នៅ​ពេល​ថ្ម​ពេញ​ទៅ​ហើយ​នោះ។

៤) ទំហំ​មេហ្គា​ភិចហ្សែល  (megapixel = MP) កាន់តែ​ធំ នោះ​សមត្ថភាព​កាមេរ៉ា​កាន់តែ​ល្អ?

4

តើ​មាន​អ្វី​ខុស​គ្នា​រវាង​កាមេរ៉ា​ទំហំ 12MP និង 8MP? គឺ​មិន​សូវ​មាន​ភាព​ខុស​គ្នា​ច្រើន​នោះ​ទេ នៅ​ពេល​ផ្ដិត​រូប​ចេញ​មក។ គុណភាព​រូបភាព​ត្រូវ​បាន​កំណត់​ដោយ តើ​ពន្លឺ​រូប​ខ្លាំង​កម្រិត​ណា​ដែល ឧបករណ៍ sensor អាច​ចាប់​យក​បាន។ ជា​ធម្មតា sensor ធំ​ គួបផ្សំ​នឹង​ភិចហ្សែល (pixel) ​ធំ និង​ពន្លឺ​ពេញ​ល្អ ទើប​រូបភាព​មាន​គុណភាព​ខ្ពស់។ វា​មិន​អាស្រ័យ​លើ​ទំហំ MP ទាំងស្រុង​នោះ​ឡើយ។

៥) កុំទាន់អាល​សាក​ថ្ម​ទូរស័ព្ទ ត្រូវ​រង់ចាំ​ដល់​ជិត​អស់​ថ្ម?

5

ផ្នត់​គំនិត​នេះ​គឺ​ពេញ​និយម ហើយ​តែង​កើត​មាន​ចំពោះ​អ្នក​យល់ដឹង​ខ្លះៗ​អំពី​ការ​ប្រើប្រាស់​សម្ភារៈ​អេឡិចត្រូនិក។ តាមពិត គឺ​មិន​មាន​បញ្ហា​អ្វី​ឡើយ ទោះបី​អ្នក​ដោត​សាក​ថ្ម​ទូរស័ព្ទ នៅ​មុន​ពេល​ទូរស័ព្ទ​មិន​ទាន់​អស់​ថ្ម​នោះ តែ​តាមពិត​វា​បែរ​ជា​រឿង​ល្អ​ទៅវិញ​ទេ​សម្រាប់​ថ្ម (battery)។ ជា​ទូទៅ ថ្ម​គឺ​ត្រូវ​បាន​ផលិត និង​គណនា​រួច​ជាស្រេច​នូវ​អាយុកាល ឬ​ចំនួន​ដែល​អាច​សាក​ថាមពល​ប្រើប្រាស់​ឡើងវិញ (number of charge cycle)។ ដូច្នេះ​ការ​សាក​ថាមពល​ឡើងវិញ (charge cycle) ម្ដង គឺ​ជា​ការ back up ថាមពល​ថ្ម​ឱ្យ​ពេញ​នៅ​ពេល​ថ្ម​អស់​ថាមពល តិច​ឬ​ច្រើន (មិន​អាស្រ័យ​អស់​ថ្ម​ច្រើន​ទើប​អាច​បញ្ចូល​បាន​នោះ​ទេ)។


៦) កម្រិត resolution អេក្រង់​កាន់តែ​ខ្ពស់ គឺ​ប្រាកដ​ជា​ស្មាតហ្វូន​ដែល​ល្អ?

6

មាន​ការ​ជជែក​គ្នា​អំពី resolution អេក្រង់​ថា មិនមែន​ជា​ចំណុច​គោល​ក្នុង​ការ​បែងចែក​អេក្រង់​ទូរស័ព្ទ​ល្អ ឬ​យ៉ាងណា​ឡើយ សម្រាប់​បរិបទ​ភ្នែក​មនុស្ស​ជា​អ្នក​មើល​ផ្ទាល់។ អ្នក​ជំនាញ​និយាយ​ថា ភ្នែក​របស់​មនុស្ស​មិន​អាច​មើល និង​កំណត់​ដឹង​​កម្រិត​ដង់ស៊ីតេ​ភិចហ្សែល​អេក្រង់​លើស​ពី ៣០០ភិចហ្សែល​នោះ​ឡើយ។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ក្រុមហ៊ុន​ទូរស័ព្ទ​នាំគ្នា​បង្កើន​ដង់ស៊ីតេភិចហ្សែល​ព្រោះ​យល់​ថា ដើម្បី​មាន​គុណភាព​រឹតតែ​ច្បាស់។

នេះ​គឺ​ជា​រឿង​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ចំពោះ​ភ្នែក​មនុស្ស​គឺ​អស់​ដែន​កំណត់​ត្រឹម 300ppi ប៉ុណ្ណោះ។ ជាក់ស្ដែង LG បាន​បង្ហាញ​អេក្រង់​ស្មាតហ្វូន​–ប្រភេទ quad-HD ដំបូង​នៅ​លើ​ម៉ូដែល​ស្មាតហ្វូន G3 ជាមួយ resolution ទំហំ 2560×1440។ គេ​បាន​យក G3 ប្រៀបធៀប​នឹង Galaxy S5 ដែល​មាន​តែ 1080p ឃើញ​ថា ភ្នែក​អ្នក​មើល​មិន​អាច​ញែក​ដាច់​ថា មួយ​ណា​អេក្រង់ qHD មួយ​ណា HD បាន​នោះ​ឡើយ។ អីចឹង​ហើយ ទើប​ក្រុមហ៊ុន Apple តែង​យកចិត្ត​ទុកដាក់​អភិវឌ្ឍ​បច្ចេកវិទ្យា​ពន្លឺ ជាង​ការ​មើល​ធ្ងន់​លើ​ដង់ស៊ីតេ​ភិចហ្សែល​អេក្រង់ iPhone របស់​ខ្លួន។

៧) ការ​ប្រើ​ឆ្នាំង​សាក iPad មក​សាក​លើ iPhone គឺ​ជា​រឿង​មិន​ត្រឹមត្រូវ?

7

អ្នក​ប្រើ​ស្មាតហ្វូន​ទំនើបៗ​ភាគច្រើន​តែង​មាន​ទស្សនៈ​យល់​ឃើញ​តៗ​គ្នា​ថា បើ​ប្រើ​ឆ្នាំង​សាក​ទូរស័ព្ទ គឺ​ត្រូវ​ប្រើ​ឆ្នាំង​សាក​ដើម និង​ឱ្យ​ត្រូវ​តាម​ប្រភេទ​ឧបករណ៍ ឧទាហរណ៍ ឆ្នាំង​សាក iPhone សម្រាប់ iPhone ហើយ​ឆ្នាំង​សាក iPad សម្រាប់ iPad។ ប៉ុន្តែ​លើក​នេះ​គឺ​ផ្ទុយ​ពី​ការ​យល់​ឃើញ​នេះ​ទៅវិញ ដោយ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់ Apple បាន​ចុះផ្សាយ​ថា ដុំ​សាក​ថ្ម iPad កម្រិត ១២វ៉ាត់ (12-watt iPad adapter) គឺ​អាច​ប្រើ​សម្រាប់​សាក​ទាំង​ថ្ម iPhone ក៏​បាន iPad ក៏​បាន មិន​មាន​ប៉ះពាល់​អ្វី​ឡើយ។

៨) អ្នក​មិន​គួរ​បិទ (shut down) កុំព្យូទ័រ​រៀងរាល់​ថ្ងៃ​ទេ?

8

អ្នក​ប្រើ​កុំព្យូទ័រ​ជាច្រើន​មាន​ជំនឿ​ថា ការ​បិទ (shut down) កុំព្យូទ័រ​ជា​រៀងរាល់​ថ្ងៃ​នឹង​ធ្វើ​ឱ្យ​កុំព្យូទ័រ​ឆាប់​ដល់​អាយុកាល (time life) ដែល​នឹង​​ឆាប់​ខូច។ ដូច្នេះ​ហើយ អ្នក​ប្រើ​កុំព្យូទ័រ​មួយ​ចំនួន បែរ​ជា​ព្យាយាម​បញ្ចៀស​ពី​ការ shut down បែរ​ជា​ប្រើ sleep mode ឬ hibernate វិញ។ គេហទំព័រ Lifehaker គូស​បញ្ជាក់​ថា ការ​បិទ (shut down) កុំព្យូទ័រ​នៅ​ពេល​ឈប់​ប្រើ​វា​ជា​សកម្មភាព​ល្អ​ជួយ​ឱ្យ​កុំព្យូទ័រ​ប្រើប្រាស់​បាន​យូរ​ទៅ​វិញ​នោះ​ទេ៕


ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ businessinsider

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan