យោងតាមរបាយការណ៍ថ្មីបានឲ្យដឹងថា កម្មវិធី (apps) នៅក្នុង Play Store សម្រាប់ Android របស់ Google បានកើនឡើងជាង ៥០ ភាគរយ ដែលនេះធ្វើ Play Store មានកម្មវិធីច្រើនជាង App Store សម្រាប់ iOS របស់ Apple ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ស្ថិតិចុងក្រោយនេះ ទទួលបានក្រុមហ៊ុនវិភាគ appFigures ដែលគ្រប់គ្រងទិន្នន័យលើរាប់ពាន់កម្មវិធីដែលប្រើប្រាស់ platform របស់ខ្លួន។ របាយការណ៍បង្ហាញថា Play Store (Android), App Store (iOS) និង Appstore របស់ Amazon មានកម្មវិធីកើនឡើងយ៉ាងច្រើន តែ Play Store កើនឡើងយ៉ាងគំហុករហូតដល់ផ្ដល់ App Store។
ឯក្រុមហ៊ុនវិភាគមួយទៀត App Annie ដែលតាមដានទិន្នន័យ Google Play និង App Store ក៏បានអះអាងដូចគ្នាដែរថា Google Play មានកម្មវិធីច្រើនជាង iOS App Store ប្រមាណជា ១៧ភាគរយឯណោះ ខណៈដែល Google Play បច្ចុប្បន្នមានកម្មវិធីជិត ៣០០.០០០។

Android មានទីផ្សារពិភពលោកធំជាង iOS ដូច្នេះ អ្នកបង្កើតកម្មវិធី (developer) ជាក់ស្ដែងប្រាកដជាចាប់អារម្មណ៍ platform របស់ Google។ ម្យ៉ាងទៀត Google ផ្ដល់ភាពងាយស្រួលយ៉ាងច្រើនសម្រាប់ developer ក្នុងការបង្កើតកម្មវិធីថ្មីៗ ខុសពី Apple ដែល developer ត្រូវរង់ចាំយូរ ដើម្បីឲ្យ Apple អនុញ្ញាតដាក់កម្មវិធីខ្លួនលើ App Store។
ប៉ុន្តែ អ្នកបង្កើតកម្មវិធីលើ iOS រកចំណូលបានច្រើនជាងអ្នកបង្កើតកម្មវិធីលើ Android ឆ្ងាយណាស់ រហូតដល់ ៦០ភាគរយឯណោះ។ នេះបើយោងតាមរបាយការណ៍សន្ទស្សន៍ទីផ្សារដែល App Annie បានរកឃើញនៅឆ្នាំ២០១៤៕
0 comments:
Post a Comment