ម៉ានីល៖ ការធ្លាក់ចុះ នៃតម្លៃប្រេងយ៉ាងគំហុក នៅលើទីផ្សារអន្តរជាតិនោះ នឹងជំរុញនូវ កំណើនសេដ្ឋកិច្ចប្រទេសជាច្រើននៅអាស៊ី ដែលពឹងផ្អែកច្រើន ឬទាំងស្រុង តែទៅលើ ការនាំចូលប្រេងពីបរទេស ក្នុងនោះរួមមាន ហ្វីលីពីន, ថៃ, និង ចិន ជាដើម។ នេះបើតាម ការលើកឡើងពីក្រុមអ្នកវិភាគសេដ្ឋកិច្ច។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០១៥ នេះថា កាលពីថ្ងៃចន្ទ ម្សិលមិញនេះ តម្លៃប្រេងឆៅ បានធ្លាក់មកនៅត្រឹមតែ ៤៨ដុល្លារអាមេរិក ប៉ុណ្ណោះនៅក្នុងមួយបារ៉ែល ដែលអត្រានៃការធ្លាក់ចុះនេះ គឺជាង ៥០ភាគរយឯណោះ បើ យើងប្រៀបធៀបទៅនឹងតម្លៃប្រេង ១១៥ដុល្លារក្នុង មួយបារ៉ែល កាលពីខែមិថុនា ឆ្នាំ២០១៤។
សម្រាប់ហ្វីលីពីនវិញ មន្ត្រីរដ្ឋាភិបាលប្រទេសដីកោះអាស៊ីមួយនេះ បានបញ្ជាក់ថា ខ្លួនត្រូវ ការនាំចូលប្រេងពីបរទេសប្រមាណជា ៩៣ភាគរយនៃចំនួន ប្រេងដែលត្រូវការប្រើប្រាស់ ទាំងអស់ក្នុងស្រុក ហើយកន្លងមកហ្វីលីពីន ត្រូវពឹងផ្អែកការនាំចូលភាគច្រើនពីតំបន់ មជ្ឈិមបូព៌ា។ ចំពោះប្រទេស ដែលផលិតប្រេងឆៅ និង នាំចេញផលិតផលប្រេងសាំង នោះ មានដូចជា អារ៉ាប៊ី សាអូឌីត, រុស្ស៊ី, អេមីរ៉ាត់ អារ៉ាប់រួម, ម៉ាឡេស៊ី, កាតា, និង ប្រ៊ុយណេ។
តាមក្រុមអ្នកជំនាញ បានបញ្ជាក់ថា ការធ្លាក់ចុះយ៉ាងសម្បើម នៃតម្លៃប្រេងនេះ នឹងធ្វើឲ្យប៉ះ ពាល់ដោយចំពោះទៅលើប្រទេសដែលផលិត និង នាំចេញប្រេងនៅតំបន់ អាស៊ីអាគ្នេយ៍ ក្នុង នោះមានដូចជា ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, និង ប្រ៊ុយណេ។ ដោយឡែក ប្រទេស ថៃ, ហ្វីលីពីន, ឡាវ, និង កម្ពុជា ជាដើម ដែលជាប្រទេស ផលិតប្រេងតិចតួច និង អត់សោះ នោះ គឺនឹងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចពីការធ្លាក់ចុះនេះ។
សម្រាប់ប្រទេសចិនវិញ ការធ្លាក់ចុះនៃតម្លៃប្រេង នឹងធ្វើឲ្យមហាចអំណាចសេដ្ឋកិច្ចលំដាប់ទី ពីរលើពិភពលោកមួយនេះ បង្កើននូវសក្តានុពល នៃកំណើតប្រាក់ ចំណូលក្នុងស្រុកសរុប (GDP) យ៉ាងហោចណាស់ ៧ភាគរយដែរក្នុងឆ្នាំនេះ។ ដោយឡែកប្រទេសកូរ៉េខាងត្បូង និង កោះតៃវ៉ាន់វិញ ក៏នឹងអាចទទួលបាននូវ ផលប្រយោជន៍ នៃការធ្លាក់ចុះតម្លៃប្រេងនេះផងដែរ៕

-----------------------------------------------
Source:dap-news
07:08
Unknown
Posted in: 






0 comments:
Post a Comment