Bill Gates បរិច្ចាគទ្រព្យសម្បត្តិច្រើនជាងគេ ក្នុងចំណោមមហាសេដ្ឋីលំដាប់ពិភពលោក ៥រូប
22 Dec, 2014 14:44
0 Comment (s)
មានបុគ្គលជោគជ័យខាងវិស័យបច្ចេកវិទ្យាជាច្រើនបានខិតខំអស់ពីកម្លាំងកាយកម្លាំងចិត្តដើម្បីរកប្រាក់ចំណូលឲ្យបានកាន់តែច្រើនតាមលទ្ធភាពដែលពួកគេអាចធ្វើទៅបាន រហូតបានក្លាយជាកំពូលមហាសេដ្ឋីលំដាប់ពិភពលោក។ ថ្វីត្បិតបុគ្គលទាំងនោះមានប្រាក់រាប់ពាន់លានដុល្លារក៏ពិតមែន តែមិនបានន័យថាពួកគេកំណាញ់ស្វិតនឹងប្រាក់កាសដែលរកបានយ៉ាងលំបាកនោះទេ។ ជាក់ស្ដែងដូចមហាសេដ្ឋី Bill Gates (និងលោក Warren Buffett) បានក្លាយជាកំពូលមហាសេដ្ឋីបច្ចេកវិទ្យាសំខាន់ៗ ដែលធ្លាប់បានជំរុញទឹកចិត្តដល់មហាសេដ្ឋីជាច្រើនទៀត ដើម្បីចូលរួមបរិច្ចាគថវិកាមួយផ្នែកធំនៃទ្រព្យសម្បត្តិរបស់ពួកគេដល់អង្គការសប្បុរសធម៌។ Bill Gates ក៏បានក្លាយជាមហាសេដ្ឋីមួយរូបដែលបានបរិច្ចាគថវិកាច្រើនជាងគេបង្អស់ក្នុងចំណោមមហាសេដ្ឋីកំពូលៗផ្សេងទៀត។ ខាងក្រោមនេះជាព័ត៌មានសង្ខេបចំពោះអំពើសប្បុរសធម៌ និងថវិកាដែលមហាសេដ្ឋីបច្ចេកវិទ្យាទាំង ៥បានបរិច្ចាគ ៖
១. លោក Bill Gates ស្ថាបនិកនិងជាម្ចាស់ក្រុមហ៊ុន Microsoft
ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០១៤ លោក Bill Gates បានឈរនៅលំដាប់លេខមួយ ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់ក្នុងលោក (ធ្លាក់មកចំណាត់ថ្នាក់លេខ ២ រយៈពេលខ្លីដែរ)។ មហាសេដ្ឋី Bill Gates ព្រមទាំងភរិយា លោកស្រី Melinda ជាគូស្វាមីភរិយាដែលបានដើរតួយ៉ាងសំខាន់ក្នុងសប្បុរសធម៌ ដោយបានបង្កើតមូលនិធិសប្បុរសធម៌ផ្ទាល់ខ្លួនមួយឈ្មោះ Bill & Melinda Gates ដើម្បីជួយដល់ជនរងគ្រោះក៏ដូចជាជនគ្មានទីពឹងផ្សេងៗនៅជុំវិញពិភពលោក។ នៅក្នុងឆ្នាំ ២០០៧ មូលនិធិ Bill & Melinda Gates បានបរិច្ចាគថវិកាដល់អង្គការសប្បុរសធម៌ចំនួន ២៨ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ Businessweek។
២. លោក Ted Turner ស្ថាបនិក និងជាម្ចាស់បណ្ដាញសារព័ត៌មាននិងទូរទស្សន៍ CNN
លោក Ted Turner ជាស្ថាបនិកមួយរូបដែលបានបង្កើតបណ្ដាញសារព័ត៌មាននិងទូរទស្សន៍ CNN, TBS និង TNT ហើយមានទ្រព្យសម្បត្តិរហូតដល់ ២,២ពាន់លានដុល្លារ។ នៅក្នុងឆ្នាំ ១៩៩៨ លោកបានបរិច្ចាគថវិកា ១ពាន់លានដុល្លារទៅដល់មូលនិធិសប្បុរសធម៌របស់អង្គការសហប្រជាជាតិ។ បច្ចុប្បន្ន Ted Turner ក៏បានជួយដល់មូលនិធិផ្សេងៗជាច្រើនទៀតមានដូចជា មូលនិធិ Captain Planet និងមូលនិធិផ្ដល់ឈាមនិងការប្រយុទ្ធប្រឆាំងជំងឺមហារីកលើកុមារ។ លោក Ted Turner បានប្ដេជ្ញាថានៅពេលខាងមុខលោកនឹងយកទ្រព្យសម្បត្តិរបស់លោកពាក់កណ្ដាល (ក្នុងចំណោមទ្រព្យសម្បត្តិ ២,២ពាន់លានដុល្លារ) ទៅជួយដល់មូលនិធិសប្បុរសធម៌។
៣. លោក Paul Allen សហស្ថាបនិកក្រុមហ៊ុន Microsoft
Paul Allen ជាស្ថាបនិកមួយរូប (រួមនឹង Bill Gates) ដែលបានបង្កើតក្រុមហ៊ុនផលិត Software និង Hardware អេឡិចត្រូនិកឈ្មោះ Microsoft និងមានទ្រព្យសម្បត្តិចំនួន ១៧,១ពាន់លានដុល្លារ (ទិន្នន័យរបស់ Wikipedia គិតត្រឹមខែធ្នូនេះ)។ មិនខុសអីពីមិត្តសំឡាញ់របស់លោក (Bill Gates) Paul Allen ក៏ជាបុគ្គលមួយរូបដែលបានបរិច្ចាគថវិកាយ៉ាងច្រើនប្រមាណ ១៤ពាន់លានដុល្លារដល់មូលនិធិសប្បុរសធម៌ ដែលធ្វើឲ្យលោកទទួលបានគ្រឿងឥស្សរិយយសជាច្រើន ចំពោះអំពើសប្បុរសធម៌ដ៏ធំធេងនេះ។ លោកក៏បានបង្កើតមូលនិធិសប្បុរសធម៌ផ្ទាល់ខ្លួនមួយឈ្មោះ Paul G Allen Family ដែលជាមូលនិធិដ៏សំខាន់មួយក្នុងចំណោមមូលនិធិ “ជំរុញឲ្យមានការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ” ជាច្រើនផ្សេងទៀត។
៤.លោក Mark Zuckerberg ស្ថាបនិក និងជាម្ចាស់បណ្ដាញសង្គម Facebook
មិនត្រឹមតែជាម្ចាស់បណ្ដាញសង្គមដ៏ល្បី (Facebook) និងជាមហាសេដ្ឋីបច្ចេកវិទ្យាវ័យក្មេងបំផុតមានអាយុត្រឹមតែ ៣០ឆ្នាំ Mark Zuckerbergក៏ជាបុគ្គលសំខាន់មួយរូបដែលបានរួមចំណែកយ៉ាងសកម្មក្នុងសប្បុរសធម៌។ លោកមានទ្រព្យសម្បត្តិសរុប ៣៣,១ ពាន់លានដុល្លារ ហើយលោកក៏បានប្ដេជ្ញាថានឹងបរិច្ចាគថវិកាមួយភាគធំទៅដល់មូលនិធិសប្បុរសធម៌។ កន្លងមក Mark ក៏ធ្លាប់បានបរិច្ចាគថវិកាប្រមាណ ៩៩០ លានដុល្លារទៅដល់មូលនិធិសហគមន៍ Silicon Valley ផងដែរ។ នេះបើតាមសារព័ត៌មាន Daily Telegraph។
៥. លោក Richard Branson ស្ថាបនិកនិងជាម្ចាស់ក្រុមហ៊ុន Virgin Group
បុរសជនជាតិអង់គ្លេសរូបនេះមានទ្រព្យសម្បត្តិចំនួន ៤,៩ពាន់លានដុល្លារ (បើតាម Wikipedia)។ មិនខុសអីពីមហាសេដ្ឋីបច្ចេកវិទ្យាទាំង៤រូបខាងលើនោះទេ Richard Bransonក៏បានចូលរួមក្នុង “កម្មវិធីបរិច្ចាគថវិការបស់មហាសេដ្ឋីទៅដល់មូលនិធិសប្បុរសធម៌” ឬ Giving Pledge ដោយបានប្ដេជ្ញាថាលោកនឹងបរិច្ចាគថវិកាមួយចំនួនទៅដល់មូលនិធិជាច្រើន ដើម្បីរួមចំណែកជួយដល់សង្គម។ បច្ចុប្បន្នលោកបានជួយទ្រទ្រង់ដល់មូលនិធិសប្បុរសធម៌ជាច្រើនមានដូចជា មូលនិធិកម្ចាត់និងរុករកមីន (Mineseeker) និង មូលនិធិប្រយុទ្ធប្រឆាំងជំងឺមហារីកជាដើម។
ទាំងអស់នេះសរឲ្យឃើញពី “ការជួយដល់សង្គមវិញ” ពីសំណាក់មហាសេដ្ឋីទាំង ៥ រូប បន្ទាប់ពីពួកគេបានទទួលផលប្រយោជន៍យ៉ាងច្រើនពីសង្គមដែលពួកគេកំពុងរស់នៅ។
*បញ្ជាក់៖ Sabay លើកយកតែមហាសេដ្ឋីបច្ចេកវិទ្យាតែចំនួន ៥ ប៉ុណ្ណោះ តែនៅមានមហាសេដ្ឋីកំពូលផ្សេងទៀតដែលបានរួមចំណែកដល់សង្គម ដែលក្នុងនោះមានដូចជា Warren Buffett, Diane von Fürstenberg, និង David Rockefeller ជាដើម។
---------------------------
http://www.khmersocial.com/technology/6483
22 Dec, 2014 14:44





0 comments:
Post a Comment