ការជម្រះកោសិកាងាប់ជាផ្នែកមួយនៃវិធីថែរក្សាស្បែកដ៏សំខាន់ និងត្រូវអនុវត្តដាច់ខាតយ៉ាងហោចណាស់ឲ្យបាន ២ដងក្នុង ១សប្តាហ៍។ ការជម្រះកោសិកាស្បែកងាប់តាមបែបធម្មជាតិជាវិធីដ៏ល្អបំផុត ព្រោះវាអាចជួយដោះស្រាយបញ្ហាកន្ទួលរមាស់លើស្បែក និងបញ្ហាស្បែកជាច្រើនផ្សេងទៀត មិនដូចផលិតផលគីមីដែលដាក់លក់លើទីផ្សារឡើយ។
ឱសថអំបិល + ក្រូចឆ្មាទាំងនេះមានប្រសិទ្ធិភាពអាចជួយរក្សាជាតិសំណើមលើស្បែក, ជម្រះកោសិកាស្បែកងាប់ និងជួយឲ្យផ្ទៃមុខរបស់អ្នកទន់ ម៉ដ្ឋរលោងស្រស់ស្អាត។ អំបិលជាមួយក្រូចឆ្មាផ្តល់អត្ថប្រយោជន៏ខ្ពស់ ជួយលាងសម្អាតស្បែក ហើយដោយសារមានវត្តមានរបស់ក្រូច ស្បែកខ្មៅបណ្តាលមកពីត្រូវកម្តៅថ្ងៃនឹងត្រូវបាត់អស់យ៉ាងឆាប់រហ័ស។ អំបិលក្រូចទាំងអស់នេះក៏មានប្រសិទ្ធិភាពក្នុងការព្យាបាលបញ្ហាកើតមុនផងដែរ ពីព្រោះវត្តមានអាស៊ីតជាច្រើននៅក្នុងសមាសធាតុផ្សំបានទៅសម្លាប់បាក់តេរីដែលបណ្តាលឲ្យកើតមុន។
ដូច្នេះខាងក្រោមនេះជាប្រភេទក្រូច ដែលត្រូវផ្សំជាមួយអំបិល ដែលបញ្ឈប់អ្នកពីការចំណាយប្រាក់ច្រើនលើផលិតផលដែលមានផ្ទុកសារធាតុគីមី៖
អំបិល + ក្រូចសើច
ដាក់ទឹកក្រូចសើច ២ស្លាបព្រាបាយលាយជាមួយនឹងអំបិលម៉ត់ ១ស្លាបព្រាបាយចូលក្នុងចានមួយ។ លាយសមាសធាតុផ្សំទាំងពីរនេះបញ្ចូលគ្នាឲ្យបានសព្វល្អ ដោយប្រើម្រាមដៃរបស់អ្នក រួចយកអំបិលក្រូចសើចនេះលាបលើផ្ទៃមុខរបស់អ្នក។ អំបិលក្រូចសើចនេះនឹងជួយកម្ចាត់ស្បែកខ្មៅ និងកោសិកាស្បែកងាប់។ អ្នកគួរតែប្រើវិធីនេះឲ្យបាន ៣ដងក្នុង ១ខែ។
អំបិល + ក្រូចឆ្មា
យកក្រូចឆ្មាមួយផ្លែចិតសំបក រួចកិនដើម្បីយកទឹក។ បន្ថែមអំបិល ២ស្លាបព្រាបាយចូលក្នុងទឹកក្រូចឆ្មា រួចប្រើម្រាមដៃរបស់អ្នកជ្រលក់លាបលើផ្ទៃមុខរបស់អ្នក។ ទុកវាឲ្យស្ងួត ហើយលាងសម្អាតចេញនឹងទឹកក្តៅឧណ្ឌៗ។ ក្រូចឆ្មានឹងជួយពង្រឹងសាច់ស្បែករបស់អ្នក និងជួយឲ្យស្បែកស ប្រសិនបើបានប្រើវា ២ដងក្នុងមួយខែ។
អំបិល + ក្រូចថ្លុង
យកក្រូចថ្លុង១ក្លែបធំទៅកិន។ រួចបន្ថែមអំបិល ៣ស្លាបព្រាបាយ និងទឹកឃ្មុំ ១ស្លាបព្រាបាយចូល។ លាបវាលើផ្ទៃមុខ ហើយលាងសម្អាតចេញក្រោយពេលវាស្ងួត។ អំបិលក្រូចថ្លុងនេះអាចជួយជម្រុះរោមលើផ្ទៃមុខ និងកម្ចាត់មុនក្បាលខ្មៅ។
អំបិល + ក្រូចពោធិ៍សាត់
ក្រូចពោធិ៍សាត់មានផ្ទុកនូវវីតាមីន C ដែលល្អចំពោះសុខភាពស្បែក។ ដាក់ក្រូចពោធិ៍សាត់មួយក្លែប, អំបិល១ស្លាបព្រាបាយ និងប្រេងអូលីវ ១ស្លាបព្រាកាហ្វេ។ លាយវាបញ្ចូលគ្នាឲ្យបានសព្វ រួចដុសលើផ្ទៃមុខរបស់អ្នក។ អំបិលក្រូចពោធិ៍សាត់នេះមានប្រសិទ្ធិភាពយ៉ាងខ្លាំង វាអាចជួយកាត់បន្ថយបញ្ហាកើតមុនពេញមួយយប់។
អំបិល + ក្រូចឃ្វិច
ក្រូចឃ្វិចជាផ្លែឈើមួយប្រភេទសម្បូរទៅដោយអាស៊ីតស៊ីទ្រិចជាច្រើន។ ដើម្បីអាចធ្វើអំបិលក្រូចឃ្វិចបាន អ្នកក៏ត្រូវការទឹកឃ្មុំផងដែរ ព្រោះអាចជួយឲ្យស្បែកម៉ដ្ឋរលោង និងការពារការរលាក។ ទឹកក្រូចឃ្វិច ១ស្លាបព្រាបាយលាយជាមួយនឹងអំបិល ១ស្លាបព្រាបាយ និងទឹកឃ្មុំ ២ស្លាបព្រាបាយ៕

ដោយ៖ ដារ៉ា
ប្រភព៖ boldsky
0 comments:
Post a Comment