សៀមរាប: វត្តមានតារាចម្រៀងដ៏ល្បីល្បាញរបស់អាមេរិកនាង ប៊ីយុនសេ និងស្វាមី មកកាន់ទឹកដីសៀមរាបអង្គរក្នុងដំណើរកម្សាន្តឯកជន ត្រូវបានអាជ្ញាធរប្រចាំតំបន់ជឿជាក់ថានឹងរួមចំណែកផ្សព្វផ្សាយដល់វិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងសម្លៀកបំពាក់បែបអ្នកទេសចរដ៏សាមញ្ញ ប្ដីប្រពន្ធមានទ្រព្យជាង១ពាន់លានដុល្លារគូនេះបានជ្រើសរើសរថយន្តទេសចរណ៍ក្នុងស្រុកមួយជាមធ្យោបាយធ្វើដំណើរ ជំនួសឲ្យការប្រើរថយន្តស៊េរីទំនើបតម្លៃកប់ពពកទៅវិញ។
ទាក់ទិននឹងការមកដល់ស្ងាត់ៗរបស់ប្ដីប្រពន្ធតារាចម្រៀងមកកាន់ទឹកដីសម្បូរប្រាសាទបុរាណនេះអ្នកស្រី ចៅ ស៊ុនកិរិយា ជាអ្នកនាំពាក្យអាជ្ញាធរអប្សរា បានឲ្យដឹងថា៖ «ខ្ញុំមិនបានដឹងអំពីបញ្ហានេះទេ ពីព្រោះគាត់ [ប៊ីយុនសេ] ធ្វើដំណើរមកលេងប្រាសាទអង្គរជាលក្ខណៈឯកជនដោយមិនបានផ្សព្វផ្សាយដំណឹងគគ្រឹកគគ្រេងមុនឡើយ។ កន្លងមក តារាល្បីៗ និងឥស្សរជនកំពូលជាច្រើនបានមកទស្សនាប្រាង្គប្រាសាទនានាក្នុងខេត្ដសៀមរាប។ ប៉ុន្ដែយើងមិនផ្សព្វផ្សាយឡើយ ដោយសារពួកគេមកកម្សាន្ដជាលក្ខណៈឯកជន»។

ប៊ីយុនសេ និងស្វាមីឡើងជណ្ដើរប្រាសាទខ្មែរ។ រូបថត អីុនស្ត្រាក្រាម
អ្នកនាំពាក្យរូបនេះបានថ្លែងបន្ថែមថា៖ «គាត់មកដោយមិនផ្សព្វផ្សាយហ្នឹងពិតជាត្រឹមត្រូវ ពីព្រោះគាត់មិនចង់ធ្វើឲ្យមានការភ្ញាក់ផ្អើល ដែលអាចរំខានដល់ការសម្រាក។ ចំណែកឯការបង្ហោះរូបភាពក្រោយដំណើរ ពិតជាផ្ដល់ផលវិជ្ជមានកាន់តែប្រសើរចំពោះការទាក់ទាញភ្ញៀវទេសចរមកកម្សាន្ដកម្ពុជាបន្ថែមទៀត»។
តារាចម្រៀងប៉ុបអាមេរិកលំដាប់ពិភពលោកបានធ្វើដំណើរកម្សាន្ដមកកាន់ទឹកដីនៃប្រាសាទបុរាណដ៏ចំណាស់មួយនៅលើពិភពលោកយ៉ាងស្ងាត់ស្ងៀមបំផុតកាលពីចុងសប្ដាហ៍កន្លងទៅនេះ។
ក្រោយពីបានឃើញនូវរូបភាពជាច្រើនសន្លឹកដែលតារាចម្រៀង ប៊ីយ៉ុនសេ និងស្វាមី នៅប្រាសាទអង្គរវត្ដ បណ្ដាញសង្គម និងសារព័ត៌មានទាំងជាតិ និងអន្ដរជាតិបានផ្ដោតការយកចិត្ដទុកដាក់យ៉ាងខ្លាំងលើតារាស្រីរូបនេះ ក៏ដូចជាទិដ្ឋភាពនៃប្រាសាទបេតិកភណ្ឌពិភពលោក។
ក្នុងរូបថតមួយចំនួន តារាស្រីចាយរាងនាង ប៊ីយ៉ុនសេ ស្ថិតក្នុងឈុតរ៉ូបវែង និងពាក់វែនតាការពារកម្ដៅថ្ងៃ។ រីឯរូបថតមួយចំនួនទៀត នាងពាក់អាវរលុងក្រឡាស្បែកខ្លា ធ្វើឲ្យមនុស្សមួយចំនួនសង្ស័យថានាងកំពុងមានគភ៌កូនទី ២។ រូបថតសឹងតែគ្រប់ប៉ុស្តិ៍សុទ្ធតែមានស្វាមីរបស់នាងនៅក្បែរជានិច្ច។
តារាចម្រៀងប៉ុបដ៏ល្បីឈ្មោះវ័យ ៣៣ ឆ្នាំ និងស្វាមី វ័យ៤៥ឆ្នាំ បានបង្ហាញវត្តមាននៅតាមប្រាង្គប្រាសាទអង្គរវត្ត បាយ័ន និងតាព្រហ្ម ដែលជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅខេត្តសៀមរាប។ ប៉ុន្តែ កូនស្រីរបស់អ្នកទាំងពីរគឺកុមារី ប៊្លូ អ៊ីវី ដែលនឹងចម្រើនវ័យ៣ឆ្នាំ នោះពុំបានបង្ហាញមុខក្នុងដំណើរលើកនេះទេ។

ប៊ីយុនសេ និងស្វាមីប្រើទូរស័ព្ទថតរូបលេង។ រូបថត អីុនស្ត្រាក្រាម
ក្រោយទស្សនាពីលើកំពូលប្រាសាទអង្គរវត្ដ គូស្នេហ៍ទាំងពីរបានធ្វើដំណើរចុះតាមកាំជណ្ដើរចោតជាមួយគ្នាដោយតោងបង្កាន់ដៃឈើដើម្បីបន្ដទៅកាន់កន្លែងផ្សេងៗទៀត។
មិនត្រឹមតែមនុស្សធម្មតាទេដែលចូលចិត្ដថតរូបលេង សូម្បីតារាល្បី ដូចជា ប៊ីយ៉ុនសេ និង ជេ ហ្សិត ក៏អត់ទ្រាំមិនបានដែរ ដោយបានទាញយកទូរស័ព្ទរបស់ពួកគេមកថតរូបនៅតាមប្រាសាទខ្មែរ និងបង្ហោះដាក់ទំព័រអីុនស្តាក្រាមរបស់ខ្លួនផងដែរ។
ដោយសារតែវាជាដំណើរកម្សាន្ដលក្ខណៈឯកជន មិនមានប្រភពណាមួយបានដឹងពីគម្រោង និងដំណើររបស់ ប៊ីយ៉ុនសេ និងស្វាមីឡើយ។
មុនពេលមកកាន់ទឹកដីអង្គរ អ្នកទាំងពីរបានទៅកម្សាន្ដនៅប្រទេសភូមា និងខេត្ដភូកេតប្រទេសថៃ ដែលកាលនោះប៊ីយ៉ុនសេក៏បានស្លៀកឈុតប្រពៃណីថៃផងដែរ ៕
0 comments:
Post a Comment