Saturday, 31 January 2015

បោះ​បង់​ការសិក្សា​​អាយុ ១៦ឆ្នាំ ចាប់​ផ្ដើម​ជំនួញ​ក្លាយ​ជា​មហាសេដ្ឋី​ទឹក​ប្រាក់​ពាន់​លាន

បោះ​បង់​ការសិក្សា​​អាយុ ១៦ឆ្នាំ ចាប់​ផ្ដើម​ជំនួញ​ក្លាយ​ជា​មហាសេដ្ឋី​ទឹក​ប្រាក់​ពាន់​លាន


បោះ​បង់​ការសិក្សា​​អាយុ ១៦ឆ្នាំ ចាប់​ផ្ដើម​ជំនួញ​ក្លាយ



វាសនា​មនុស្ស​ម្នាក់​ៗ​មើល​មិន​ឃើញ​ទេ ហើយ​ក៏​មិន​អាច​កំណត់​ទុក​ជា​មុន​បាន​​ដែរ។ អ្នក​ខ្លះ​ប្រឹង​រៀន​អស់​ថ្នាក់ បែរ​ជា​រក​ការងារ​​ធ្វើ​មិន​បាន។ ចំណែក​​អ្នក​ខ្លះ​រៀន​មិន​បាន​ចប់​ចុង​ចប់​ដើម ឬ​មិន​បាន​រៀន​ផង បែរ​ក្លាយ​​​ជា​មហាសេដ្ឋី​ទឹក​ប្រាក់​ពាន់​លានដុល្លារ​ នឹក​​ស្មាន​មិន​ដល់។ ប៉ុន្តែ​ទោះ​ជា​មាន​ចំណុច​ខុស​គ្នា និង​ភាព​ជោគជ័យ​ផ្សេងៗ​គ្នា​បែប​នេះ​ក្ដី ចំណុច​រួម​មួយ​នៃ​កំពូល​អ្នក​មាន​ទាំង​នោះ គឺ​ការ​តស៊ូ។ ជាក់ស្ដែង លោក Richard ដែល​ជា​អ្នក​ខ្សោយ​បញ្ញា បាន​បោះបង់​ការ​សិក្សា​តាំង​ពី​អាយុ ១៦ឆ្នាំ តែ​ខំ​តស៊ូ​រហូត​ក្លាយ​ជា​មហាសេដ្ឋី​ម្នាក់​លើ​លោក។ ​
ប្រវត្តិ​ជីវិត
លោក Richard Charles Nicholas Branson កើត​នៅ​ថ្ងៃ​ទី១៨ ខែ​កក្កដា ឆ្នាំ​១៩៥០ ក្នុង​ប្រទេស​អង់គ្លេស។ ឪពុក​របស់​លោក​ឈ្មោះ Edward James Branson ជា​មេធាវី​ម្នាក់ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ​២០១១។ ចំណែក​ឯ​ម្ដាយ​របស់​លោក​មាន​ឈ្មោះ Eve Branson មាន​ការងារ​ជា​អ្នក​បម្រើ​លើ​យន្តហោះ។ Richard បាន​រៀប​ការ​សាង​ជីវិត​ជាមួយ​ប្រពន្ធ​ឈ្មោះ Joan បង្កើត​បាន​កូន​ពីរ​នាក់​ជា​ចំណង​ដៃ។ ដោយ​សារ​មាន​បញ្ហា​សុខភាព Richard បាន​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​រៀន​សូត្រ។ បញ្ហា​​​ខ្សោយ​បញ្ញា ស្ទើរ​តែ​ធ្វើ​ឲ្យ​លោក​ឈប់​រៀន​នៅ​សាលា​សម្រាប់​កុមារ Scaitcliffe ទៅ​ហើយ ប៉ុន្តែ​លោក​បាន​តស៊ូ​រៀន​នៅ​ទី​នោះ​រហូត​ដល់​អាយុ ១៣ឆ្នាំ។ ក្រោយ​មក លោក​ត្រូវ​បាន​គេ​ផ្ទេរ​ឲ្យ​ទៅ​សិក្សា​នៅ​សាលា​ផ្សេង​ទៀត។ ទោះ​យ៉ាង​ណា​​ការ​ប្ដូរ​សាលា​នោះ​មិន​បាន​ធ្វើ​ឲ្យ​លោក​មាន​ការ​រីកចម្រើន​ទេ រហូត​ដល់​អាយុ ១៦ឆ្នាំ លោក​ក៏​បាន​បោះ​បង់​ចោល​ការ​សិក្សា។
ចាប់​ផ្ដើម​បែក​គំនិត​ធ្វើ​ជំនួញ
ក្រោយ​ពី​បោះ​បង់​ចោល​សាលា​ទាំង​វ័យ​ក្មេង លោក Richard បាន​ចាប់​ផ្ដើម​គំនិត​បង្កើត​ទស្សនា​វដ្តី​បែប​យុវវ័យ​មួយ។ ការ​បោះ​ពុម្ព​ទស្សនាវដ្ដី​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​សិស្ស​សាលា​ដែល​លោក​ជា​អ្នក​ដឹកនាំ និង​មាន​គោល​ដៅ​​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​អាន​ជា​​សិស្ស​សាលា​ដូច​គ្នា។ ដំបូង​លោក​បាន​យក​ថ្លៃ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ពី​ក្រុមហ៊ុន​នានា​ក្នុង​តម្លៃ​សរុប ៨០០០​ដុល្លារ ដើម្បី​បោះ​ពុម្ព​ទស្សនាវដ្ដី ៥០០០០ ច្បាប់​ចែក​ជូន​សិស្ស​សាលា​ដោយ​ឥត​គិត​ថ្លៃ។
ជំនួញ​កំពុង​ដំណើរ​ការ ចាប់​យក​ឱកាស​ថ្មី​បន្ថែម​ទៀត
ការ​បោះ​ពុម្ព​ទស្សនាវដ្ដី​នៅ​តែ​ដំណើរ​ការ​ជា​ប្រក្រតី ប៉ុន្តែ​ក្ដី​ស្រមៃ​មិន​ដែល​មាន​ពាក្យ​ថា​ចប់​ទេ​ សម្រាប់​មនុស្ស​ដែល​មិន​ដេក​ចាំ​ភ័ព្វវាសនា ដូច​ជា​លោក Richard។ ក្នុង​ឆ្នាំ ១៩៦៩ លោក​បាន​រស់​នៅ​តំបន់​មួយ ដែល​ពោ​ពេញ​ទៅ​ដោយ​ដូរ្យតន្ត្រី និង​ការ​សម្ដែង។ ពេល​នោះ Richard បាន​បែក​គំនិត​បង្កើត​ក្រុមហ៊ុន​ថត​សំឡេង​មួយ​ឈ្មោះ​ថា “Virgin” ដើម្បី​រក​ប្រាក់​ជួយ​ផ្គត់ផ្គង់​ដល់​ទស្សនាវដ្ដី​របស់​ខ្លួន។ ក្រុមហ៊ុន​នោះ​បាន​ដំណើរ​ការ​យឺតៗ ប៉ុន្តែ​វា​ល្មម​គ្រប់​គ្រាន់​ជួយ​ឲ្យ​ Richard ពង្រីក​គោល​ដៅ​ជំនួញ។ លោក​បាន​បើក​ហាង​ថត​សំឡេង​មួយ​បន្ថែម​ទៀត​នៅ​ផ្លូវ Oxford នា​ទីក្រុង​ឡុងដុង។ ដោយ​មាន​ការ​ជោគ​ជ័យ​លើ​អាជីវកម្ម​ហាង​ថត​សំឡេង យុវសិស្ស​ដែល​បោះ​បង់​ចោល​ការ​សិក្សា​ទាំង​ក្មេង​វ័យ​នេះ បាន​បើក​ស្ទូឌីយោ​ថត​សំឡេង​ក្នុង​ឆ្នាំ ១៩៧២។
ចម្រៀង​មួយ​បទ ជួយ​ឲ្យ​ល្បី​ពេញ​ពិភពលោក​
ស្នាដៃ​ថត​បទ​ចម្រៀង​ដំបូង​គេ​របស់ Richard នៅ​ក្រោម​ស្លាក​សញ្ញា​ក្រុមហ៊ុន Virgin គឺ​បទ “Tubular Bells” ច្រៀង​ដោយ Mike Oldfield ក្នុង​ឆ្នាំ ១៩៧៣ ដោយ​មាន​ជំនួយ​ពី​ក្រុម​របស់​លោកRichard។ គ្រាន់​តែ​ចេញ​ភ្លាម បទ​នេះ​បាន​អង្រួន​ទឹក​ចិត្ត​អ្នក​ស្ដាប់​យ៉ាង​ខ្លាំង រហូត​ឈរ​លើ​ចំណាត់​ថ្នាក់​ចក្រភព​អង់គ្លេស​ដល់​ទៅ ២៤៧ សប្ដាហ៍។ ដោយ​ភាព​ជោគ​ជ័យ​នេះ Richard បាន​ព្រមព្រៀង​ជាមួយ​ក្រុម​តន្ត្រី​ផ្សេង​ទៀត ដើម្បី​យក​បទចម្រៀង​មក​ថត​សំឡេង​នៅ​ក្រុម​ហ៊ុន Virgin។ ក្រុម​តន្ត្រី​ធំៗ​ជា​ច្រើន​បាន​មក​ថត​បទ​ចម្រៀង​នៅ​ក្នុង​ក្រុមហ៊ុន​របស់​លោក Richard ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​មាន​វត្តមាន​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ថត​បទ​ចម្រៀង​កំពូល​ទាំង ៦ លើ​លោក។
ពង្រីក​ជំនួញ តែ​ជួប​បរាជ័យ
​បើ​ទោះ​ជា​ជោគ​ជ័យ​យ៉ាង​ណា​ក៏​ដោយ ​Richard មិន​បាន​បញ្ឈប់​មហិច្ឆតា​ត្រឹម​នេះ​ទេ លោក​បាន​បន្ត​ពង្រីក​ក្រុមហ៊ុន​ថែម​ជា​ច្រើន​ទៀត ដែល​ក្នុង​នោះ​រួម​មាន៖ ក្រុមហ៊ុន​​ដឹក​អ្នក​ដំណើរ Voyager Group ក្នុង​ឆ្នាំ ១៩៨០, ជើង​ហោះហើរ Virgin Atlantic ក្នុង​ឆ្នាំ ១៩៨៤ និង​​ហាង​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ Virgin ជា​ច្រើន​កន្លែង។
ប៉ុន្តែ​វាសនា​មនុស្ស​ពិត​ជា​ស្មាន​មិន​ត្រូវ​ទេ។ នៅ​ក្នុង​ឆ្នាំ ១៩៩២ ភាគហ៊ុន​របស់ Virgin បាន​ធ្លាក់​ចុះ​ត្រដាបត្រដួស​មិន​អាច​ទប់​ទល់​នឹង​ស្ថាន​ភាព​ពេល​នោះ​បាន។ ក្រោយ​មក​ក្រុមហ៊ុន​នោះ​ត្រូវ​បាន​លក់​ទៅ​ឲ្យ THORN EMI ក្នុង​តម្លៃ ១ ពាន់​លាន​ដុល្លារ។ Richard បាន​ខូច​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​នេះ ថែម​ទាំង​បាន​សម្រក់​ទឹក​ភ្នែក​ក្រោយ​ចុះ​កិច្ច​សន្យា​ទៀត​ផង ប៉ុន្តែ​លោក​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ជំនួញ​ជាមួយ​តន្ត្រី​ដដែល។ ក្នុង​ឆ្នាំ ១៩៩៣ លោក ​ Richard បាន​បង្កើត​ប៉ុស្តិ៍​វិទ្យុ Virgin ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក លោក​ក៏​បាន​បើក​ក្រុមហ៊ុន​ថតសម្លេង​ទី ២ ក្នុង​ឆ្នាំ​១៩៩៦។
ក្រោក​ឈរ​ឡើង​វិញ បង្កើត​ក្រុមហ៊ុន​រាប់​រយ
បច្ចុប្បន្ន​នេះ​ត្រកូល​ក្រុមហ៊ុន Virgin បាន​កាន់​កាប់​ក្រុមហ៊ុន​ផ្សេង​ទៀត​ជាង ២០០ នៅ​ក្នុង​ប្រទេស​ជាង ៣០ ដែល​មាន​ទាំង ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ប្រទេស​នៅ​តំបន់​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក​ខាង​ត្បូង។ លោក Richard បាន​ពង្រីក​ជំនួញ រហូត​មាន​ទាំង​ក្រុមហ៊ុន​រថភ្លើង ក្រុមហ៊ុន​ហ្គេមដ៏​ប្រណីត ក្រុមហ៊ុន​ទូរសព្ទ ក្រុមហ៊ុន​ទេសចរ​ទៅ​លំហ​អាកាស Virgin Galactic ទៀត​ផង។
សម្ដី​ដ៏​មាន​ន័យ​របស់​លោក Richard
“អ្វី​ដែល​ខ្ញុំ​ធ្វើ​គ្រប់​នាទី រាល់​ថ្ងៃ ក្នុង​ជីវិត​នេះ​គឺ​ជា​ការ​កម្សាន្ត។ ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ថា អ្វី​ដែល​ខ្ញុំ​ធ្វើ​ថ្ងៃ​នេះ គឺ​ជា​បន្ទុក​របស់​ខ្ញុំ​ដែល​ត្រូវ​ធ្វើ​ទេ”។ ដក​ស្រង់​ចេញ​ពី​ការ​សម្ភាសន៍​របស់​សារព័ត៌មាន The Guardian ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ ២០០៨។
“ទស្សនៈ​របស់​ខ្ញុំ​គឺ​ ពេល​មាន​លុយ​ ខ្ញុំ​យក​ទៅ​រក​ស៊ី​បន្ថែម​ទៀត មិន​យក​វា​ទុក​ជាប់​ខ្លួន​ទេ​ឥតប្រយោជន៍​ទេ”។ ដក​ស្រង់​ចេញ​ពី​ការ​សម្ភាសន៍​របស់​សារព័ត៌មាន The Sunday Mirror ថ្ងៃ​ទី ១៦ ខែ​កញ្ញា ឆ្នាំ ២០០០។
“ខ្ញុំ​កើត​មក​គ្មាន​សំណាង​មែន តែ​មិន​ដែល​មាន​ពាក្យ​ថា​ស្ដាយ​ទេ ហើយ​ក៏​មិន​ផ្ទាល់​ប្ដូរ​ទស្សនៈ​ចំពោះ​ជីវិត​ខ្លួន​ឯង​ដែរ។ នេះ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃ​នេះ”។ ដក​ស្រង់​ចេញ​ពី​ការ​សម្ភាសន៍​របស់​ទស្សនាវដ្ដី Saga ខែ​កក្កដា ឆ្នាំ ២០០៧។
លោក Richard បាន​ទទួល​ការ​ផ្ដល់​កិត្តិយស និង​ពាន​រង្វាន់​ពី​មេដឹកនាំ​នានា​ជា​ច្រើន ដោយសារ​គេ​មាន​ការ​កោត​សរសើរ​ចំពោះ​ភាព​ជោគជ័យ​ក្នុង​ជីវិត​របស់​លោក។ ក្រៅ​ពី​ភាព​ល្បី​រន្ទឺ​ក្នុង​ការ​ធ្វើ​ជំនួញ លោក Richard ​ក៏​បាន​ល្បី​ឈ្មោះ​ព្រោះ​​ជាប់​កំណត់​ត្រា​ពិភពលោក​ជា​ច្រើន​ផង​ដែរ។ បច្ចុប្បន្ន​នេះ​លោក Richard ឈរ​នៅ​លេខ​រៀង​ទី ៣១៦ នៃ​កំពូល​មហាសេដ្ឋី​ក្នុង​លោក ជាមួយ​ទ្រព្យ​សម្បត្តិ ៥ ពាន់​លាន​ដុល្លារ៕
ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ Sabay.com.kh

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan