នគរបាលព្រហ្មទណ្ឌរាជធានីឃាត់ខ្លួនប្រធានការិយាល័យម្នាក់នៅក្រសួងការបរទេសបញ្ជូនទៅតុលាការ
ថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០១៥ ម៉ោង ១៤:៥២
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ មករា បានឃាត់ខ្លួនបុរសម្នាក់ដែលគេស្គាល់ថា ជាប្រធានការិយាល័យមួយនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលការឃាត់ខ្លួននោះ គឺជាការអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការ ។
បុរសដែលសមត្តកិច្ចឃាត់ខ្លួននោះឈ្មោះអ៊ុច សីហរដ្ឋ អាយុ៤៦ឆ្នាំ ស្នាក់នៅផ្ទះលេខ២២៩ E1 ផ្លូវ១៨២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរជាប្រធានការិយាល័យមួយនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរសដូចមានឈ្មោះខាងលើត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ជាវ វិបុល អនុប្រធានការិយាល័យធ្វើការឃាត់ខ្លួននៅមុខ ក្រសួងការបរទេស កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ មករា នេះ និងបាននាំទៅកាន់កាន់សាលាដំបូងរាជធានីភ្នំពេញ ។
តាមដីការបញ្ជាឲ្យចូលខ្លួនបានបញ្ជាក់ថា បុរសខាងលើត្រូវបានឃាត់ខ្លួនដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមពាក្យបណ្តឹងរបស់ឈ្មោះជា ឡូ ភេទប្រុស អាយុ៤៣ឆ្នាំ ។ ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ឈ្មោះអ៊ុច សីហរដ្ឋ បានជាប់ពាក់ព័ន្ធលុយកាក់ជាមួយដើមបណ្តឹងប្រមាណជាង១៧ម៉ឺនដុល្លារអាមេរិក ដែលយកទៅធ្វើដើមទុនរកស៊ីបើកការ៉ាស់លក់សាំង ហើយប្រាក់នោះមិនបានទួទាត់ឲ្យទៅម្ចាស់គេវិញ ទើបបានជាមានការប្តឹងផ្តល់រហូតឈានដល់ការឃាត់ខ្លួន ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
0 comments:
Post a Comment