សៀមរាប គេសម្រុកទៅដល់ក ត្រជាក់ៗចុងឆ្នាំផងបើបានទៅស្រស់ស្រាយម៉េចទេហ្ន៎!

ធ្លាក់ខ្យល់ល្ហៀកៗត្រជាក់ៗអីចឹង ផ្សំនឹងចុងឆ្នាំផង មិត្តអ្នកអានខ្លះប្រហែលកញ្ជ្រោលចង់លម្ហែទៅខេត្តឆ្ងាយៗហើយ មើលទៅ។ សៀមរាប អាចជាគោលដៅចម្បងមួយ ពិសេសឱកាសឆ្លងឆ្នាំសកលដែលនៅសល់តែជាង១សប្ដាហ៍ទៀតនេះតែម្ដង។ ហ៊ឺយ…. គ្រាន់តែស្រមៃដល់ធម្មជាតិនៅទីនោះ ក៏សប្បាយដែរនៀក!
នៅខែត្រជាក់អីចឹង សៀមរាប មិនត្រឹមជាគោលលម្ហែរបស់យុវវ័យ និងប្រជាជនខ្មែរទូទៅទេ តែសៀមរាប តំបន់ទេសចរណ៍ខ្លឹមរបស់កម្ពុជា ដែលបានទាញភ្ញៀវអន្តរជាតិជាង៤,២ លាននាក់ កាលឆ្នាំទៅមិញ នៅតែជាគោលដៅទេសចរណ៍បរទេសកំពុងសម្រុកមកច្រើន នៅឱកាសដំណាច់ឆ្នាំនេះ។
និយាយពីតាមផ្លូវ គ្រប់បរិវេណ តំបន់អង្គរ ដែលសម្បូរដោយដើមឈើខ្ពស់ៗ នោះបានចោលម្លប់ និងបំភាយ ជំនោរត្រជាក់ យ៉ាងមនោរម្យ ស្រស់ស្រាយបាត់អស់ភាពហ្មួហ្មង រាល់ពេលអ្នកទេសចរណ៍ទាំងឡាយទៅដល់ ពិសេសពេលព្រឹក និង ល្ងាច។

លោក ខៀវ ធី មគ្គុទ្ទេសក៍ទេសចរណ៍នៅ ក្រុងសៀមរាប ថាទេសចរណ៍និយមមកលេងសៀមរាបច្រើនចាប់តាំងពីខែតុលាមកម៉្លេះ ហើយលោកសង្កេតថាភ្ញៀវសម្រុកកាន់តែច្រើនចុងខែធ្នូនេះ។ ជាទូទៅ សៀមរាប សម្បូរភ្ញៀវទេសចរចម្រុះសាសន៍រហូតដល់ខែឧសភាឯណោះទើបថមថយវិញបន្តិច។
មគ្គុទ្ទេសក៍ជើងចាស់ ពន្យល់ថាព្រោះស្រុកគេចាប់ផ្ដើមត្រជាក់ខ្លាំង អីចឹងហើយអ្នកទេសចរណ៍ទាំងនោះចូលចិត្តមកវិសមកាលនៅប្រទេសក្ដៅល្មម។ «១០០%សម្រុកមកអង្គរវត្ត ហើយសម្បូរបំផុតភ្ញៀវអាស៊ីមាន កូរ៉េ ចិន វៀតណាម ជាដើម សល់ពីនោះក្រុមអឺរ៉ុប និងអាមេរិក»។

បុរសវ័យកណ្ដាលរៀបរាប់ទៀតថា ក្រៅពីបរិវេណ អង្គរ អ្នកទេសចរណ៍និយមទៅលេងទឹកធ្លាក់ ក្បាលស្ពាន ភ្នំគូលេន និងភូមិវប្បធម៌ ជាដើម។
បើនិយាយពី ឆ្នាំទៅទេសចរណ៍កម្ពុជា ទទួលបានភ្ញៀវ ៤,២លាននាក់ និងចំណូល ២៥៤៧លានដុល្លារ។ ឯ ៩ខែដើមឆ្នាំ២០១៤ កម្ពុជាបានទទួលលំហូរទេសចរអន្តរជាតិចំនួន ៣,២លាននាក់ គឺមានកំណើន ៩,៧ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ០១៣។ ក្នុងនោះ សៀមរាបអង្គរ ដែលជាតំបន់ស្នូលទាញបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,២ លាននាក់ កើនឡើង ៨,៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅមិញ៕


ឡូយ! ស្កាត់មករាំមុខអង្គរវត្ត ដើម្បីបង្គ្រប់២៣កន្លែងល្បីៗក្នុងវីដេអូរាំ Irish Dance
Pub Street ទីឆ្លងឆ្នាំដ៏ពេញនិយមបំផុតកណ្ដាលក្រុងសៀមរាប
អត្ថបទ៖ ប៉ែន សុផាន់ណា
-----------------------------------------------
http://news.sabay.com.kh/article/190964
0 comments:
Post a Comment